ព័ត៌មានអន្តរជាតិ

ប្រធានសភាថៃ ជំរុញឱ្យប្រជាជនរួមគ្នា រកវិធីលុបបំបាត់ការ ទិញសន្លឹកឆ្នោត

បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai បានជំរុញប្រជាជនថៃកុំឱ្យ មានការខកចិត្តនឹងស្ថានភាព នយោបាយថៃបច្ចុប្បន្ន ហើយមានទំនុកចិត្តលើ ប្រព័ន្ធប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសុក្រ ក្នុងទិវារដ្ឋធម្មនុញ្ញ លោក Chuan បាននិយាយថា ថ្ងៃនេះគឺជាថ្ងៃបង្កើតរដ្ឋធម្មនុញ្ញ ដំបូងគេបង្អស់របស់ ប្រទេសថៃក្នុងរយៈពេល ៨៩ឆ្នាំមកនេះ ដែលបានដំណើរការ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ។

លោក Chuan បានបន្តថា «យើងបានសម្រេចចិត្តអនុម័តប្រព័ន្ធនេះ ដូច្នេះយើងត្រូវតែមានទំនុកចិត្ត លើប្រព័ន្ធប្រជាធិបតេយ្យ ។ កុំបណ្តោយឱ្យបញ្ហានិងឧបសគ្គ បំផ្លាញប្រព័ន្ធសំខាន់របស់ប្រទេស យើងមិនត្រូវបាត់បង់ទឹកចិត្តឡើយ»។

អាណត្តិជារបស់ប្រជាជនថៃទាំងអស់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធ ប្រជាធិបតេយ្យគ្មានអំពើពុករលួយ” លោក Chuan បាននិយាយថា ប្រជាជនថៃត្រូវតែធ្វើការរួមគ្នា ដើម្បីស្វែងរកមធ្យោបាយ ដើម្បីលុបបំបាត់ការទិញ-លក់ សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top