ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រុម G7 រួមសាមគ្គីគ្នានៅក្រោយការជំរុញ ទប់ស្កាត់វិបត្តិ រុស្ស៊ី-អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ក្រុម G7 ដែលបានជួបជុំគ្នានៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស បានស្វះស្វែងព្យាយាម បង្ហាញការរួបរួមសាមគ្គីគ្នា ស្តីពីក្រុមឈ្លានពាន លើពិភពលោក ហើយអង់គ្លេស បានបង្ហាញនូវក្តីព្រួយបារម្ភ ជាខ្លាំង ស្តីពីការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមតំបន់ព្រំដែនអ៊ុយក្រែន។

ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងតែស្វះស្វែងរកការរួបរួមមតិគ្នាពីក្លិបនៃប្រទេសអ្នកមាននានា ក្នុងដំណើរឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថា ជាឥរិយាបថទំយើធ្វើឡើងដោយរុស្ស៊ី និងជុំវិញភាពតានតឹងជាមួយនឹងប្រទេសចិន និងប្រទេសអ៊ីរ៉ង់។

ក្នុងខណៈបើកកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស មកពីអង់គ្លេស សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងជប៉ុន លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវតែការពារខ្លួនយើង ពីការគម្រាមកំហែងកើនឡើងពីតួអង្គជាសត្រូវនានា ហើយយើងចំាបាច់ត្រូវតែរួមសាមគ្គីគ្នាយ៉ាងរឹងមាំ ដើម្បីទប់ទល់នឹងក្រុមអ្នកឈ្លានពាន ដែលព្យាយាមកំណត់ព្រំដែនសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអង្គការសម្ពន្ធមិត្តយោធាណាតូ នាពេលបច្ចុប្បន្ននេះ មានក្តីព្រួយបារម្ភថា ការចល័តកងទ័ពនិងអាវុធរុស្ស៊ីទៅកាន់តំបន់ព្រំដែនជាប់អ៊ុយក្រែន អាចជាការត្រៀមទុកមុខសម្រាប់ការឈ្លានពាន និងបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើមានរឿងបែបនោះកើតឡើងពិតមែន៕

ប្រែសម្រួល៖ប៉ាង កុង

To Top