ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើទស្សនកិច្ចសហភាពអារ៉ាប់រួម ជាលើកដំបូង តាំងពីបង្កើតចំណង មិត្តភាពប្រក្រតី

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ធ្វើទស្សនកិច្ចសហភាពអារ៉ាប់រួម នៅថ្ងៃអាទិត្យនេះ និងជួបជាមួយមេដឹកនាំស្តីទី របស់ប្រទេសនេះ ហើយនេះជាដំណើរ ទស្សនកិច្ចលំដាប់ខ្ពស់បំផុត ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតចំណងមិត្តភាព ការទូតធម្មតាវិញ កាលពីឆ្នាំមិញ។

ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹង ក្នុងតំបន់កើនកម្តៅខ្លាំងឡើង ស្របពេលដែលមហាអំណាចពិភពលោក ព្យាយាមស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែជាមួយប្រទេសអ៊ីរ៉ង់។ ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានពង្រីកកិច្ចការពារជាតិ រួមជាមួយបណ្ដាប្រទេសអារ៉ាប់ ដែលមានក្តីព្រួយបារម្ភដូចគ្នា ជុំវិញសកម្មភាពរបស់អ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នាពេលថ្មីៗនេះ សហភាពអារ៉ាប់រួម បានធ្វើការទាក់ទងជាមួយប្រទេសអ៊ីរ៉ង់ ដោយបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅ កាលពីថ្ងៃចន្ទសប្ដាហ៍មុន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយប្រាប់គណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃអាទិត្យនេះថា “ខ្ញុំនឹងធ្វើដំណើរទៅប្រទេស សហភាពអារ៉ាប់រួម នៅក្នុងថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចដំបូង ដែលធ្វើឡើងដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top