ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់ បានស្លាប់ក្នុងការវាយប្រហារដោយព្យុះកំបុតត្បូង លើរដ្ឋចំនួន ៦ នៅអាមេរិក

ញូវយ៉ក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ១០០នាក់ត្រូវបានគេភ័យខ្លាចថាបានស្លាប់នៅពេលដែលខ្យល់ព្យុះកំបុតត្បូងថូណាដូ បានបោកបក់កាត់រដ្ឋចំនួន៦ នៅក្នុងតំបន់ Midwest និងភាគខាងត្បូងនៃសហរដ្ឋអាមេរិកចាប់ពីយប់ថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍។

ការខូចខាតដោយសារព្យុះកំបុតត្បូងត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Arkansas Illinois Kentucky Mississippi Missouri និងរដ្ឋ Tennessee ដោយរដ្ឋ Kentucky ហាក់ដូចជារងការវាយប្រហារខ្លាំងបំផុត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ កន្លងទៅអភិបាលរដ្ឋ Kentucky លោក Andy Beshear បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ 70 នាក់ត្រូវបានសម្លាប់ដោយព្យុះកំបុតត្បូងនៅក្នុងរដ្ឋរបស់លោក ហើយចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ១០០នាក់ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

យោងតាមលោក Beshear មនុស្សប្រហែល ១១០នាក់បានស្ថិតនៅខាងក្នុងរោងចក្រទៀនមួយក្នុងទីក្រុង Mayfield ដែលបានដួលរលំបន្ទាប់ពីព្យុះកំបុតត្បូងមួយបានបោកបក់មកក្នុងតំបន់នោះ។ លោកអភិបាលត្រូវបានដកស្រង់សម្តីដោយ CNN ថា “យើងជឿថាយើងនឹងបាត់បង់យ៉ាងហោចណាស់មនុស្សរាប់សិបនាក់” ។

ក្រោយមកមនុស្សប្រហែល ៤០នាក់ត្រូវបានជួយសង្គ្រោះចេញពីអគារ ដែលបានដួលរលំនោះ។ ដោយបានប្រកាសភាពអាសន្ន អភិបាលរដ្ឋ បានស្វែងរកការគាំទ្រពីរដ្ឋាភិបាលសហព័ន្ធ ខណៈកំពុងចល័តកងទ័ពឆ្មាំជាតិ សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការបោសសម្អាតកម្ទេចកម្ទី។

ខ្សែអាត់វីដេអូប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបង្ហាញពីអគារ និងផ្ទះជាច្រើនខ្នងដែលបានដួលរលំបន្ទាប់ពីព្យុះកំបុតត្បូងនៅក្នុងរដ្ឋ Kentucky និងរដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀត។

លោកប្រធានាធិបតី ចូ បៃដិន ដែលបានទទួលព័ត៌មានសង្ខេបអំពីគ្រោះមហន្តរាយនោះ បានបង្ហោះលើបណ្ដាញសង្គម Twitter ថា “យើងកំពុងធ្វើការជាមួយនឹងអភិបាលរដ្ឋ ដើម្បីធានាថាពួកគេមានអ្វីដែលពួកគេត្រូវការ នៅពេលដែលការស្វែងរកអ្នកនៅរស់រានមានជីវិត និងការវាយតម្លៃការខូចខាតនៅតែបន្ត”។

លើសពីរដ្ឋ Kentucky ការស្លាប់ជាច្រើនត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Illinois បន្ទាប់ពីព្យុះកំបុតត្បូងមួយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើឃ្លាំងទំនិញ Amazon ដោយមានមនុស្សជាច្រើនបានជាប់នៅក្នុងបំណែកយន្តហោះ៕


ដោយ ឈូក បូរ៉ា

To Top