ព័ត៌មានអន្តរជាតិ

CIA និងអតីតចារកម្ម USAF រិះគន់ក្រុម Talon Anvil របស់អាមេរិកថា មានភាពសាហាវ ក្នុងសម្លាប់ចំពោះជនស៊ីវិល ក្នុងប្រតិបត្តិរបស់ខ្លួន

បរទេស៖ អង្គភាពវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកសម្ងាត់ របស់កងកម្លាំងអាកាសអាមេរិក (USAF) ត្រូវបានអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការនៅក្នុង ប្រទេសស៊ីរីរយៈពេល ៥ឆ្នាំ បើទោះបីជាវាបានបំពានច្បាប់ នៃការចូលរួម និងការស្លាប់ជនស៊ីវិល បានកើនឡើងក៏ដោយនោះ គឺត្រូវបានគេបង្ហាញឱ្យដឹង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អង្គភាពដែលមានឈ្មោះកូដ Talon Anvil ប្រតិបត្តិការពីតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ និងសូម្បីតែនៅខាងក្នុងប្រទេសស៊ីរីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ដែលទំនងជាបានកំណត់ គោលដៅទៅលើក្រុមឧទ្ទាម Daesh ។

ប៉ុន្តែវាត្រូវបានរិះគន់ពី CIA, ចារកម្ម USAF និងអ្នកផ្សេងទៀត ចំពោះការសម្លាប់កសិករ នៅតាមវាលស្រែរបស់ពួកគេ កុមារនៅតាមផ្លូវ ជនភៀសខ្លួន និងអ្នកភូមិដែលលាក់ខ្លួននៅក្នុងអគារ។

អតីតមន្ត្រីចារកម្ម របស់កងទ័ពអាកាស ដែលនៅជាមួយអង្គភាពពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ បាននិយាយថា “ពួកគេព្រៃផ្សៃ និងពូកែក្នុងការងាររបស់ពួកគេ” ប៉ុន្តែពួកគេក៏បានធ្វើការ វាយប្រហារអាក្រក់ជាច្រើនផងដែរ។

សូមជម្រាបថា Talon Anvil គឺជាអង្គភាពតូចមួយ ដែលជារឿយៗ មានបុគ្គលិកតិចជាង ២០នាក់ ដែលដឹកនាំការវាយឆ្មក់ តាមអាកាសយ៉ាងសាហាវពីមុខ អេក្រង់កុំព្យូទ័រក្នុងអគារស៊ីវិលនៅ Erbil របស់ប្រទេសអ៊ីរ៉ាក់ និងភាគឦសាននៃប្រទេសស៊ីរី។ ប្រតិបត្តិករពាក់សម្លៀក បំពាក់ស៊ីវិលដោយគ្មានឋានៈ ឬសញ្ញាសម្គាល់ ហើយមនុស្សជាច្រើនមានពុកមាត់វែង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top