បរទេស៖ កាលពីខែកុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa គឺជាមនុស្សដំបូងគេក្នុងប្រទេស របស់គាត់ដែលបាន ចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅពេលដែលគាត់ចាក់វ៉ាក់សាំង Johnson & Johnson តែមួយដូស។ ប្រទេសនេះ ដំបូងគឺបានកំណត់គោលដៅ នៃការចាក់វ៉ាក់សាំងទៅលើប្រជាជន ៤០លាននាក់មុនដំណាច់ឆ្នាំ ២០២១ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យរបស់ លោកប្រធានាធិបតី Ramaphosa បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូងគឺលោក Cyril Ramaphosa ឥឡូវនេះកំពុងទទួលការ ព្យាបាលបន្ទាប់ពីបាន ធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។
មេដឹកនាំអាយុ ៦៩ ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា មានរោគសញ្ញាស្រាលនៃ ជំងឺដែលងាយឆ្លងខ្លាំង។
លោក Ramphosa ថ្មីៗនេះបានត្រឡប់ពីដំណើរ ទស្សនកិច្ចជាបន្តបន្ទាប់ ទៅប្រទេសនីហ្សេរីយ៉ា កូតឌីវ័រ ហ្គាណា និង ប្រទេស សេណេហ្គាល់។ ការិយាល័យប្រធានាធិបតី អាហ្រ្វិកខាងត្បូងបានកត់សម្គាល់ថា លោក Ramphosa ក៏បានធ្វើតេស្តរក COVID-19 ផងដែរ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ទាំងបួននោះ ៕
ប្រែសម្រួលៈ ណៃ តុលា