ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជួបព្រះរាជ្ជទាយាទ ក្នុងដំណើរទស្សនកិច្ចទៅសហភាពអារ៉ាប់រួម ជាលើកដំបូង 

បរទេស៖ ព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan តាមសេចក្តីរាយការណ៍ បានធ្វើការទទួល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett នៅក្នុងកិច្ចជំនួបផ្លូវការដំបូង រវាងមេដឹកនាំស្តីទីរបស់សហភាពអារ៉ាប់រួមនិងមេដឹកនាំអ៊ីស្រាអែល។

លោក Bennett បានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Zayed Al-Nahyan នៅថ្ងៃចន្ទនេះ នៅព្រះរាជដំណាក់របស់ទ្រង់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើដំណើរទៅដល់រដ្ឋធានីនៃប្រទេសនេះ នៅល្ងាចថ្ងៃអាទិត្យ នេះបើតាមសម្តីរបស់មន្ត្រីអ៊ីស្រាអែល។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ដែលត្រូវគេរំពឹងថា នឹងផ្តោតលើទំនាក់ទំនងជំនួញនោះ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក គឺឆ្លុះបញ្ចាំងឲ្យឃើញនូវការពិតថ្មីសម្រាប់តំបន់។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានសហភាពអារ៉ាប់រួម WAM យ៉ាងដូច្នេះថា “តាមគំនិតខ្ញុំ នេះគឺជាការពិតថ្មីមួយ ដែលតំបន់នេះកំពុងតែធ្វើជាសាក្សី ហើយយើងកំពុងតែធ្វើការងាររួមគ្នា ដើម្បីធានាឲ្យមានអនាគតកាន់តែល្អប្រសើរ សម្រាប់កូនចៅរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង


To Top