បរទេស៖ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បាននិយាយថា បណ្ដាប្រទេសអឺរ៉ុប បានបរាជ័យ ក្នុងការផ្តល់សំណើរ ដ៏មានអំណោយផលល្អ ដើម្បីជួយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បន្ទាប់ពីប្រទេសអង់គ្លេស និយាយថា នៅតមានពេលសម្រាប់ ទីក្រុងតេអេរ៉ង់ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនោះ ប៉ុន្តែថា នេះគឺជាឱកាសចុងក្រោយ។
យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press News បានឲ្យដឹងថា មន្ត្រីចរចាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាគីអឺរ៉ុបរកមិនបានគោលគំនិតណាមួយ ដើម្បីជួយដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីចរចាជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ គឺពោលសំដៅដល់ប្រទេសអង់គ្លេស ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ដែលស្ថិតនៅក្នុងចំណោម មហាអំណាចធំៗ ក្នុងកិច្ចព្យាយាមស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឡើងវិញ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នាស្តី បានចាប់ផ្តើមបន្តឡើងវិញនៅក្នុងទីក្រុងវីយែន ដើម្បីព្យាយាមស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដោយភាគីទាំងសងខាងកំពុងតែព្យាយាមវាស់ស្ទង់ក្តីរំពឹងទុកនៃភាពជោគជ័យ ក្រោយធ្វើកិច្ចផ្លាស់ប្តូរយោបល់គ្នា ចុងក្រោយបង្អស់ នៅក្នុងកិច្ចចរចាគ្នានោះ៕
ប្រែសម្រួល៖ប៉ាង កុង