ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ មានជំនឿចិត្តថា ការវាយលុកពេញទំហឹង របស់ចិនលើតៃវ៉ាន់ នឹងជារឿងធ្វើបានដោយលំបាក

បរទេស៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ និយាយថា ការវាយលុកពេញទំហឹង របស់ចិនលើតៃវ៉ាន់ ដោយដាក់កងទ័ពចតលើគោក និងការដណ្ដើមយកកំពង់ផែ និងអាកាសយានដ្ឋាន នឹងជារឿងដែលពិបាក នឹងសម្រេចបាន ព្រោះតែបញ្ហាដែលប្រទេសចិននឹងមាន ក្នុងការចូលចតនិងការផ្គត់ផ្គង់ដល់កងទ័ព។

នៅក្នុងរបាយការណ៍ ដែលផ្តល់ឲ្យសមាជិកសភាមួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា សមត្ថភាពដឹកជញ្ជូនរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ គឺនៅមិនកម្រិតនៅឡើយ ហើយវានឹងមិនអាចចូលចត ដាក់កងទ័ពខ្លួនតែមួយជើង អស់នោះទេ គឺចិននឹងចាំបាច់ត្រូវពឹងផ្អែកលើ នាវាដឹកអ្នកដំណើរ ដែលមិនមានលក្ខណៈស្តង់ដារ ចាំបាច់ត្រូវប្រើប្រាស់ មធ្យោបាយកំពង់ផែ និងយន្តហោះដឹកជញ្ជូន ដែលចាំបាច់ត្រូវការអាកាសយានដ្ឋាន។

ក្រសួង បាននិយាយក្នុងរបាយការណ៍ដដែលនោះ បន្តដូច្នេះថា “ប៉ុន្តែយោធាជាតិធ្វើកិច្ចការពារកំពង់ផែ និងអាកាសយានដ្ឋានយ៉ាងខ្លាំងក្លា ហើយពួកគេនឹងមិនងាយ ដណ្ដើមយកបាន នៅក្នុងរយៈពេលដ៏ខ្លីនោះឡើយ។ ប្រតិបត្តិការចូលចត នឹងប្រឈមមុខនឹង ហានិភ័យខ្ពស់ក្រៃលែង”។

គួរបញ្ជាក់ថា ការវាយតម្លៃពីការគម្រាមកំហែងដ៏ថ្មី ចុងក្រោយបំផុតនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹងកំពុងតែកើនឡើង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង ហើយប្រទេសចិនដែលអះអាងកម្មសិទ្ធិ លើកោះកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីខ្លួននោះ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបង្កើនសកម្មភាពយោធា នៅជិតកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធឲ្យទទួលយក ការគ្រប់គ្រងរបស់ចិន៕

ប្រែសម្រួល៖ប៉ាង កុង

To Top