ព័ត៌មានអន្តរជាតិ

ចិនផ្តោតគោលដៅ លើសម្ពន្ធមិត្តរបស់តៃវ៉ាន់ ស្របពេលអាមេរិកធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល លទ្ធិប្រជាធិបតេយ្យ

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់កោះតៃវ៉ាន់ បាននិយាយថា ការសម្រេចចិត្តរបស់ប្រទេស នីការ៉ាហ្គា កាលពីសប្ដាហ៍មុន កាត់ផ្តាច់ចំណងមិត្តភាពជាមួយតៃវ៉ាន់ គឺជាផ្នែកនៃទង្វើប្រកបដោយ ចេតនាធ្វើឡើង ដោយប្រទេសចិន ផ្តោតគោលដៅលើសម្ពន្ធមិត្ត កាន់លទ្ធិប្រជាធិបតេយ្យ។

នៅក្រៅវេទិកា ស្តីពីសន្តិសុខក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានមានប្រសាសន៍ដូច្នេះថា “នៅពេលដែលបណ្ដា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប្រារព្ធធ្វើកិច្ចប្រជុំកំពូល ស្តីពីលទ្ធិប្រជាធិតេយ្យនោះ ប្រទេសចិនត្រូវបានដកចេញ គឺប្រទេសចិនគឺជាគោលដៅ ដូច្នេះហើយប្រទេសចិន បានជ្រើសយកឱកាសនេះ កំណត់គោលដៅលើសម្ពន្ធមិត្តការទូតរបស់យើង”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន គឺមិនមានឈ្មោះ នៅលើបញ្ជីឈ្មោះ អ្នកចូលរួមដែលត្រូវ បានអញ្ជើញរបស់ក្រសួងការបរទេស អាមេរិកនោះទេ។

គួរបញ្ជាក់ថា ប្រទេសនីការ៉ាហ្គា បានផ្តាច់ចំណងការទូតដ៏យូរអង្វែងរបស់ខ្លួន ជាមួយកោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន ដោយប្តូរចងមិត្តភាពជាមួយទីក្រុងប៉េកាំង ក្នុងការទទួលស្គាល់ គោលនយោបាយប្រទេសចិន តែមួយ របស់គណបក្សកុម្មុយនិស្តចិន កាន់បន្ថយចំនួនសម្ពន្ធមិត្ត អន្តរជាតិ របស់ទីក្រុងតៃប៉ិ៕

ប្រែសម្រួល៖ប៉ាង កុង

To Top