ព័ត៌មានអន្តរជាតិ

រដ្ឋសភាអង់គ្លេសស្នើឲ្យ កងទ័ពជើងទឹកបំពាក់ឧបករណ៍កាន់តែច្រើននិងល្អឡើង 

បរទេស៖សមាជិករដ្ឋសភារបស់ ប្រទេសអង់គ្លេស នៅពេលថ្មីៗនេះ បានចេញនូវរបាយការណ៍មួយ ស្តីពីការស្នើឲ្យធ្វើការចំណាយបន្ថែមទៀត ដើម្បីពង្រីកទំហំនិងធ្វើទំនើបកម្មលើសមត្ថភាពរបស់កងទ័ពជើងទឹក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ របាយការណ៍ ដែលមានចំណងជើងថា “យើងនឹងត្រូវការកងទ័ពជើងទឹកកាន់តែធំ” នោះ បានបង្ហាញនូវបញ្ហាមួយចំនួន ដែលបានកើតមានជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធដ៏ចំណាស់បំផុតរបស់ប្រទេស និងបានហៅទសវត្សខាងមុខថា ជាបញ្ហាប្រឈម។

ចាប់តាំងពីការមានចំនួននាវាដ៏តិចនិងនាវាមុជទឹកត្រឹមតែពីរបីគ្រឿង រហូតដល់កង្វះខាតនៃអាវុធជំនួសថ្មីនោះ របាយការណ៍របស់រដ្ឋសភាអង់គ្លេសនេះ ធ្វើការព្រមានថា ការបង្កើនការចំណាយ គឺជារឿងត្រូវការជាចំាបាច់ ដើម្បីធានាថា កងកម្លាំងប្រយុទ្ធ រក្សាបាននូវសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន។

ប្រធានគណៈកម្មការការពារជាតិ លោក Tobias Ellwood បាននិយាយប្រាប់ថា “រយៈពេល១០ឆ្នាំក្រោយ នឹងបង្ហាញពីការតេស្តសាកល្បង សម្រាប់កងនាវាទ័ពជើងទឹករបស់យើង អង់គ្លេសត្រូវប្រឈមមុខនឹងបរិយាកាសអន្តរជាតិប្រកបដោយអរិភាព និងមិនអាចទស្សន៍ទុកមុនបានខ្លាំងឡើង ប៉ុន្តែរដ្ឋាភិបាល នៅតែកំពុងកាត់បន្ថយការផ្គត់ផ្គង់ថវិកា សមត្ថភាពចូលនិវត្តន៍ និងស្នើឲ្យកងទ័ពជើងទឹក ពឹងផ្អែកលើនាវាចាស់ៗ សម្រាប់រយៈពេល៥ឆ្នាំទៀត រហូតដល់នាវាថ្មីចូលមកជំនួស”៕ប្រែសម្រួល៖ប៉ាង កុង

To Top