ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប យល់ស្របលើទណ្ឌកម្មថ្មី ជាមួយអាមេរិក ប្រសិនបើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន 

បរទេស៖ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា  សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ ដើម្បីដាក់ទណ្ឌកម្មដែលមានតម្លៃធំ ចំពោះប្រទេសរុស្ស៊ី ប្រសិនបើយោធាប្រទេសនេះ ធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រោយជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែល លោកស្រី Ursula von der Leyen បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “សូមកុំមានមន្ទិលសង្ស័យ ប្រសិនបើរុស្ស៊ីធ្វើសកម្មភាពលើអ៊ុយក្រែន សហភាព (អឺរ៉ុប) នឹងស្ថិតក្នុងគោលជំហរដាក់ទណ្ឌកម្ម អាចធ្វើឲ្យបង់តម្លៃដ៏ធំ ហើយយើងបានធ្វើការងារយើង ចំពោះចំណុចនោះ”។

គួរបញ្ជាក់ថា មេដឹកនាំនៅសហភាពអឺរ៉ុប បានព្រមព្រៀងគ្នានៅថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថែមទៀតលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសរុស្ស៊ី ធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន ប៉ុន្តែក៏បានជំរុញលើកទឹកចិត្តឲ្យមានចំណងការទូតបន្ថែមជាមួយទីក្រុងមូស្គូផងដែរ។
ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៤ ជុំវិញការយកតំបន់គ្រីមានពីប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន តាមរយៈការផ្តោតគោលដៅលើវិស័យថាមពល ធនាគារ និងវិស័យការពារជាតិរបស់ប្រទេសរុស្ស៊ី៕

To Top