ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាកំពូល របស់អង្គការណាតូ ស្នើឲ្យបង្កើនកម្លាំងយោធា នៅប្រទេសរូម៉ានី និងប្រទេសប៊ុលហ្គារី

ប៊ែកឡាំង៖ ឧត្តមសេនីយ៍ Tod Wolters ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូល នៅអឺរ៉ុប របស់អង្គការណាតូ បានស្នើឱ្យមានការពង្រីក កងកម្លាំងរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសប៊ុលហ្គារី និងរូម៉ានី ។ នេះបើយោងតាមការ រាយការណ៍របស់កាសែត Der Spiegel កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់ប្រភពនានា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ គឺសំណើនេះត្រូវបានធ្វើឡើង ក្នុងអំឡុងសន្និសីទវីដេអូ ជាមួយមេបញ្ជាការយោធា នៃប្រទេសជាដៃគូ និងរួមបញ្ចូលទាំងការ បង្កើតអង្គភាពយោធា២ នៅក្នុងប្រទេសរូម៉ានី និងប៊ុលហ្គារី រហូតដល់ ១ ៥០០ នាក់ ដែលជាផ្នែកមួយនៃបេសកកម្ម លើកកំពស់វត្តមានឆ្ពោះទៅមុខ។

លោក Wolters បានសង្កត់ធ្ងន់ថា ការពង្រីកបេសកកម្មរបស់អង្គការ NATO មិនមែនជាការបង្កហេតុនោះទេ ប៉ុន្តែជាការធានាសន្តិសុខសម្រាប់រដ្ឋដៃគូ។ ទន្ទឹមនឹងនេះ សម្ព័ន្ធភាពនឹងបន្តអនុវត្តតាមច្បាប់ បង្កើតអង្គការណាតូ-រុស្ស៊ី។

អង្គការណាតូ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះទេ ប៉ុន្តែប្រភពការទូតមួយបាន បញ្ជាក់ប្រាប់សារព័ត៌មានថា បញ្ហានេះអាចត្រូវបានពិភាក្សា ក្នុងអំឡុងកិច្ចប្រជុំបន្ទាប់នៃ រដ្ឋមន្ត្រីការពារជាតិរបស់សម្ព័ន្ធមិត្ត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top