បរទេស ៖ មន្ត្រីតាលីបង់ជាន់ខ្ពស់ តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានធ្វើការអំពាវនាវ សុំជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធនឹង វិបត្តិសេដ្ឋកិច្ចកំពុង តែធ្ងន់ធ្ងរខ្លាំងឡើង ដែល នាពេលថ្មីៗនេះ បានបង្កឲ្យមានការភ័យខ្លាចថា មានក្រុមជនភៀសខ្លួន ដ៏ធំមួយទៀតចេញពីប្រទេស អាហ្វហ្គានីស្ថាន ។
ការថ្លែងនៅក្នុងកិច្ចប្រជុំពិសេសមួយ ប្រារព្ធធ្វើទិវាអន្តោប្រវេសន៍ អន្តរជាតិ របស់អង្គការ សហប្រជាជាតិនេះ គូសបង្ហាញពីការជំរុញថ្មី របស់រដ្ឋាភិបាល តាលីបង់ ឥស្លាម ចូលរួមជាមួយសហគមន៍ អន្តរជាតិ ក្រោយរយៈពេល៤ខែ បន្ទាប់ពីពួកគេបានដណ្ដើម កាន់អំណាចនៅក្នុងទីក្រុងកាប៊ុល ។
អនុរដ្ឋមន្ត្រីការបរទេសពួកតាលីបង់ លោក Sher Mohammad Abbas Stanikzai បានមានប្រសាសន៍ថា វាជាទំនួលខុសត្រូវ របស់ប្រទេសនានា ដូចជាសហរដ្ឋអាមេរិក ជាដើម ដែលបានបិទប្រាក់បម្រុងរាប់ពាន់លានដុល្លារ ទុកសម្រាប់ជួយដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ក្រោយសង្គ្រាមអស់ រយៈពេលជាច្រើនទសវត្ស ។
លោកបាននិយាយប្រាប់សន្និសីទ ដែលមានការចូលរួម ដោយតំណាងមកពីអង្គការ ចំណាកស្រុកអន្តរជាតិ IOM និងអង្គការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ UNHCR ថា “ផលប៉ះពាល់ នៃមូលនិធិត្រូវបង្កកនោះ គឺធ្លាក់លើប្រជាជនសាមញ្ញ និងមិនមែនលើអាជ្ញាធរតាលីបង់ទេ”៕
ប្រែសម្រួល៖ប៉ាង កុង