ព័ត៌មានអន្តរជាតិ

យន្តហោះយោធា រុស្ស៊ី ជម្លៀសមនុស្ស២០០នាក់ ចេញពីអាហ្វហ្គានីស្ថាន

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា យន្តហោះដឹកជញ្ជូន យោធារុស្ស៊ី នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការដឹកជញ្ជូនគ្រឿង ផ្គត់ផ្គង់មនុស្សធម៌ ទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន និងបានដឹកត្រឡប់មកវិញ នូវជនជាតិរុស្ស៊ី និស្សិតអាហ្វហ្គានីស្ថាន និងមនុស្សដទៃទៀត ប្រមាណចំនួន២០០នាក់ ។

តាមសេចក្តីរាយការណ៍ ក្រសួងបាននិយាយថា យន្តហោះដឹកទំនិញ Il-76 ចំនួន៣គ្រឿង នោះ នឹងធ្វើការចូលចត នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន នៅមុនពេលហោះ ទៅទីក្រុងមូស្គូ។ យន្តហោះកំពុងដឹកពលរដ្ឋរុស្ស៊ី និង កៀហ្ស៊ីស៊ីស្ថាន ដែលចង់ចាកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន និងនិស្សិតអាហ្វហ្គានីស្ថាន ដែលបានចុះឈ្មោះ ចូលរៀនក្នុងសាកលវិទ្យាល័យរុស្ស៊ី ។

គួរបញ្ជាក់ថា បេសកកម្មយន្តហោះ យោធារុស្ស៊ីកាលពីថ្ងៃសៅរ៍នេះ គឺជារឿងដ៏ថ្មីចុងក្រោយបំផុត ក្នុងការហោះហើរបែបនេះជាបន្តបន្ទាប់របស់រុស្ស៊ី ចាប់តាំងពីខែសីហាមក ។ ជើងយន្តហោះពីមុន ធ្លាប់បានដឹក ជញ្ជូនជំនួយមនុស្សធម៌ និងបានជម្លៀសពលរដ្ឋរុស្ស៊ី និងពលរដ្ឋអតីតសូវៀតផ្សេង ទៀតសរុបចំនួន៧៧០នាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top