ព័ត៌មានអន្តរជាតិ

ករណីមេរោគ កូរ៉ូណាថ្មី អូមីក្រុង កើនឡើង នៅអង់គ្លេស

បរទេស ៖ ប្រទេសអង់គ្លេស បានរាយការណ៍ពីការកើនឡើង ក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង កាលពីថ្ងៃសៅរ៍ ដែលក្រុមទីប្រឹក្សារដ្ឋាភិបាល និយាយថា អាចត្រឹមតែជាការចាប់ផ្តើម នៃបញ្ហាដ៏ធំប៉ុណ្ណោះ ហើយអភិបាលក្រុងឡុងដ៍ បានប្រកាសថា ជាហេតុការណ៍ដ៏ធំមួយ ដែលត្រូវជួយមន្ទីរពេទ្យ ក្នុងទីក្រុងដោះស្រាយ ។

ទីភ្នាក់ងារសន្តិសុខសុខាភិបាល របស់ចក្រភពអង់គ្លេស UKHSA តាមសេចក្តីរាយការណ៍ បាននិយាយថា ចំនួនករណីឆ្លង ជម្ងឺកូវីដ១៩ អូមីក្រុង ដែលបានកត់ត្រា នៅទូទាំងប្រទេស គឺមានចំនួនជិត២៥.០០០ករណី កាលពីថ្ងៃសុក្រ គឺមានការកើនឡើង ជាង១០.០០០ករណី ពីពេល២៤ម៉ោងមុន ។

មនុស្សចំនួន៧នាក់ ដែលត្រូវបានគេជឿថា បានឆ្លងជម្ងឺកូវីដ១៩ ប្រភេទអូមីក្រុង បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាចំនួនកើនឡើងមួយ ពីចំនួនស្លាប់១នាក់ នៅក្នុងទិន្នន័យពីមុនរបស់ UKHSA ហើយចំនួនអ្នកចូល សម្រាកនៅមន្ទីរពេទ្យ ដែលគេគិតថា បានឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង បានកើនឡើងពីដល់ចំនួន៨៥នាក់ ពីចំនួនពីមុនត្រឹមតែ៦៥នាក់ ។

ក្រុមទីប្រឹក្សាវិទ្យាសាស្ត្រ សម្រាប់គ្រាអាសន្ន របស់រដ្ឋាភិបាល ហៅកាត់ថា SAGE បាននិយាយថា ខ្លួនស្ទើរតែប្រាកដចិត្តថា មនុស្សរាប់សែននាក់ កំពុងតែឆ្លងកូវីដ១៩ប្រភេទថ្មីនេះជារៀងរាល់ថ្ងៃ ហើយមិនត្រូវបានគេកត់ ចូលក្នុងតួលេខនោះទេ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top