ព័ត៌មានអន្តរជាតិ

អង្គការណាតូ ពិចារណា បញ្ជូនកងទ័ព ទៅកាន់ ប្រទេស ប៊ុលហ្គារីនិងរូម៉ានី

បរទេស៖ឧត្តមសេនីយ៍ជាន់ខ្ពស់អង្គការណាតូមួយរូប នាពេលថ្មីៗនេះ បានលើកឡើងថា ណាតូគួរតែកសាងវត្តមានរបស់អង្គការសម្ពន្ធមិត្តយោធា នៅក្នុងប្រទេសរូម៉ានីនិងប៊ុលហ្គារី ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់។ ប្រទេសរុស្ស៊ី ពីមុនបានអំពាវនាវឲ្យអង្គការណាតូ ដាក់កម្រិតប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។

កាសែតអាល្លឺម៉ង់ Der Spiegel នោះបាននិយាយថា ផែនការធ្វើឡើងដោយមេបញ្ជាការសម្ពន្ធមិត្តជាន់ខ្ពស់ប្រចាំនៅអឺរ៉ុបរបស់អង្គការណាតូ លោក Tod Wolters នឹងពិតជាពង្រីកបេសកកម្ម “Enhanced Forward Presence” របស់សម្ពន្ធមិត្ត ដែលក្រោមបេសកកម្មនោះ ណាតូបានបញ្ជូនកងទ័ពទៅកាន់ប្រទេសនៅតំបន់សមុទ្របាល់ទិក និងប្រទេសប៉ូឡូញ។

កាសែតដដែលនេះបានបញ្ជាក់ថា ខ្លួនមានព័ត៌មានដែលលោក Tod Wolters បានស្នើឲ្យបញ្ជូនកងទ័ពជំនួយបន្ថែមទៅកាន់ព្រំដែនភាគខាងកើតរបស់ណាតូ នៅក្នុងអំឡុងកិច្ចប្រជុំសម្ងាត់ជាមួយបណ្ដាមេដឹកនាំយោធារបស់ប្រទេសជាដៃគូនោះ និងបានបន្ថែមថា សំណើនោះនឹងពិតជាអនុវត្តពង្រីកវត្តមានណាតូទៅកាន់ (ប្រទេសរូម៉ានីនិងប៊ុលហ្គារី)  តាមរយៈបេសកកម្ម “Enhanced Forward Presence”។

ប៉ុន្តែតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើការបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Der Spiegel នេះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top