ព័ត៌មានអន្តរជាតិ

អូមីក្រុង កំពុងរាលដាល ខ្លាំង នៅអង់គ្លេស

ឡុងដ៌៖ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា មានករណីឆ្លងទម្រង់អូមីក្រុង ចំនួន ១២,១៣៣ករណីផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីទម្រង់ឆ្លងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេស ដោយធ្វើឱ្យករណីឆ្លងអូមីក្រុង សរុបដែលបានរកឃើញនៅក្នុងប្រទេសដល់ទៅ ៣៧,១០១ករណី។

ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសបានរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៨២ ៨៨៦ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសកើនឡើងដល់ ១១,៣៦១,៣៨៧ករណី នេះបើយោងតាមតួលេខផ្លូវការ។

ចំនួនករណីដែលបានបញ្ជាក់ គឺធ្លាក់ចុះម្តងទៀតនៅថ្ងៃសៅរ៍ ៩០,៤១៨ករណី។ ទោះយ៉ាងណាក៏ដោយ ជាទូទៅតួលេខទាបជាងនៅចុងសប្តាហ៍។ កាលពីថ្ងៃសុក្រ ប្រទេសអង់គ្លេសបានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតចំនួន ៩៣,០៤៥ ករណី។

ប្រទេសនេះបានចុះបញ្ជីការស្លាប់ ដែលទាក់ទងនឹងវីរុស ៤៥នាក់ បន្ថែមទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅក្នុងប្រទេសអង់គ្លេសឥឡូវនេះមានចំនួន ១៤៧,២១៨នាក់ដោយមានអ្នកជំងឺកូវីដ-១៩ ចំនួន ៧៦១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

តួលេខចុងក្រោយបំផុតបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បានលើកឡើងថា ទម្រង់ឆ្លងថ្មីនេះកំពុងរីករាលដាល “លឿនណាស់” សូម្បីតែច្រើនជាងតួលេខ ដែលបានរាប់បញ្ចូលទៅទៀត។

នៅក្នុងនោះដែរលោកបានលើកឡើងថា “ចំនួនពិតប្រាកដនៃការឆ្លងនឹងខ្ពស់ជាងចំនួនករណីដែលបានបង្ហាញ” ដោយសារតែមិនមែនគ្រប់គ្នានឹងធ្វើតេស្តនោះទេ ហើយមានភាពយឺតយ៉ាវ សម្រាប់មនុស្សក្នុងការទទួលបានលទ្ធផលតេស្តរបស់ពួកគេមកវិញ៕ដោយ ឈូក បូរ៉ា

To Top