ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ផ្តើមល្បែងសង្គ្រាមទ្រង់ទ្រាយធំ នៅតាមឆ្នេរសមុទ្រភាគខាងត្បូងប្រទេស និងចេញការព្រមាន ទៅអ៊ីស្រាអែល និងអាមេរិក

តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំល្បែងសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះកូដថា “The Great Prophet 17” នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមយុទ្ធដែលនឹងត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ពាក់ព័ន្ធនឹងអង្គភាព IRGC ដូចជាកងកម្លាំងអាកាសយានិក និងផ្នែកអេឡិចត្រូនិកតាមអ៊ីនធឺណិត លោក Abbas Nilforoushan អនុប្រធានប្រតិបត្តិការ និងជាអ្នកនាំពាក្យរបស់ IRGC ត្រូវបានដកស្រង់ដោយ Press TV ។

យោងតាមឧត្តមសេនីយរូបនេះបានឲ្យដឹងថា ប្រព័ន្ធយោធា និងសព្វាវុធជាបន្តបន្ទាប់ ដែលទើបប្រគល់ទៅឱ្យ IRGC នឹងត្រូវបាននាំយកទៅក្នុងសកម្មភាពកំឡុងពេលនៃការលេងល្បែងសង្គ្រាមនេះ។

លោក Nilforoushan បានលើកឡើងថា “សមយុទ្ធយោធានេះ គឺសំដៅបង្កើនការត្រៀមលក្ខណៈរបស់អង្គភាពប្រយុទ្ធ IRGC”។ លោក​បាន​បន្ថែម​ថា “សមយុទ្ធ​យោធា​អនុវត្ត​សារ​ការពារ និង​ការពារ​សន្តិសុខ​ជាតិ”។

ទន្ទឹមនឹងនេះដែរ លោក Gholam Ali Rashid ដែលជាមេបញ្ជាការជាន់ខ្ពស់ IRGC ម្នាក់ទៀតបានព្រមានយ៉ាងធ្ងន់ធ្ងរដល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក អំពីការគំរាមកំហែង ឬអំពើអាក្រក់ណាមួយប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែល បានគំរាមបើកការវាយប្រហារផ្នែកយោធាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលជុំនៃកិច្ចចរចានុយក្លេអ៊ែរ៕ដោយ ឈូក បូរ៉ា

To Top