ប៉េកាំង៖ ប្រទេសចិន និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវភាពផ្ទុយគ្នា និងភាពខុសគ្នានៃដែនសមុទ្រ ការពារសន្តិសុខ និងស្ថិរភាពដែនសមុទ្រដោយស្មោះត្រង់ ហើយធ្វើឱ្យសមុទ្រចិនខាងកើតក្លាយជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចប្រជុំជុំទី១៣ នៃការពិគ្រោះយោបល់កម្រិតខ្ពស់ ស្តីពីកិច្ចការដែនសមុទ្រ ដែលបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ភាគីទាំងពីរបានបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំក្រុមការងារចំនួន៣ ស្តីពីការការពារដែនសមុទ្រ ការអនុវត្តច្បាប់សមុទ្រ និងសន្តិសុខ និងសេដ្ឋកិច្ចសមុទ្រផងដែរ។
ភាគីទាំងពីរបានឯកភាពផ្តោតលើការកសាងទំនាក់ទំនងចិន-ជប៉ុន ដែលឆ្លើយតបនឹងតម្រូវការសម្រាប់យុគសម័យថ្មី អនុវត្តទាំងស្រុងនូវមតិឯកភាពសំខាន់ៗដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន និងការឯកភាពជាគោលការណ៍ ៤ចំណុច។
ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែនសមុទ្រ ជំរុញការផ្លាស់ប្តូររវាងមន្ត្រីអនុវត្តច្បាប់ និងលើកកម្ពស់ការការពារបរិស្ថានសមុទ្រ។
ភាគីចិនបានរំលឹកឡើងវិញនូវគោលជំហរដ៏ឧឡារិករបស់ខ្លួនលើកោះដាយយូ និងបញ្ហាផ្សេងៗទៀត ហើយបានជំរុញឱ្យភាគីជប៉ុន គោរពដោយស្មោះអស់ពីចិត្ត ចំពោះអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ហើយឈប់ធ្វើសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ។
ប្រទេសចិន ក៏បានសម្តែងការមិនពេញចិត្ត ចំពោះសកម្មភាពអវិជ្ជមានរបស់ជប៉ុន នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលប៉ះពាល់ដល់សន្តិសុខផ្លូវអាកាស និងដែនសមុទ្រ ហើយបានធ្វើការតំណាងលើពាក្យសម្តី និងទង្វើខុសរបស់ជប៉ុននៅលើច្រកសមុទ្រតៃវ៉ាន់៕ដោយ ឈូក បូរ៉ា