បរទេស៖ កន្លងមក ទីក្រុងមូស្គូបានព្រមានក្រុងវ៉ាស៊ីនតោនថា ខ្លួនកំពុងរង់ចាំចម្លើយជាបន្ទាន់ ព្រោះស្ថានការណ៍រវាងភាគីទាំងពីរនៅតែបន្តយ៉ាប់យ៉ឺន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានគណៈប្រតិភូរុស្ស៊ី នៅឯកិច្ចចរចា នៅទីក្រុងវីយែន លោក Konstantin Gavrilov បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀង ស្តីពីសំណើធានាសន្តិសុខ ដែលធ្វើឡើងដោយទីក្រុងមូស្គូគឺអាចធ្វើទៅបាន ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមទំនាក់ទំនង រួចហើយ ដោយសំដៅទៅលើ ទំនាក់ទំនងរវាងជំនួយការ ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ។
លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យ ដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធណាតូ នៅអ៊ុយក្រែន និង ប្រទេស Georgiaឡើយ។
គាត់ក៏បាននិយាយផងដែរថា វាលឿនពេកក្នុងការនិយាយ អំពីសកម្មភាពរបស់រុស្ស៊ី ប្រសិនបើសម្ព័ន្ធមិត្តបដិសេធ ប៉ុន្តែបានកត់សម្គាល់ថា ការឆ្លើយតបដែលអាចធ្វើទៅបាន “នឹងក្លាយជាបច្ចេកទេសយោធា ប្រសិនបើគ្មានការជជែកវែកញែកផ្សេងទៀត” ៕
ប្រែសម្រួលៈ ណៃ តុលា