បរទេស ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានថា ទីប្រឹក្សាសន្តិសុខ សេតវិមាន លោក Jake Sullivan នឹងជួបជាមួយមន្ត្រី អ៊ីស្រាអែលនានា នៅថ្ងៃពុធ សប្ដាហ៍នេះ ដែលរួមមានទាំងលោកនាយករដ្ឋមន្ត្រី Naftali Bennett ផង ដោយមានប្រទេស អ៊ីរ៉ង់ ស្ថិតនៅលើរបៀបវារៈ ។
មន្ត្រីជាន់ខ្ពស់អាមេរិករូប នោះបាននិយាយថា ពេលវេលាកំពុងតែអស់ សម្រាប់កិច្ចពិភាក្សា នុយក្លេអ៊ែអ៊ីរ៉ង់ នៅក្នុងប្រទេសវីយេន ហើយអាមេរិក នឹងពិភាក្សា ជាមួយអ៊ីស្រាអែល ស្តីពីអ្វីដែលនឹងកើតមានឡើង ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ ។ លោក Jake Sullivan ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរ ទៅកាន់ទីក្រុង Ramallah និងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ផងដែរ ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះភាពអាចទៅរួចដែលរដ្ឋបាលរបស់លោក បៃដិន ស្វះស្វែងបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា មន្ត្រីអ៊ីស្រាអែលប្រឆាំង នឹងកិច្ចព្រមព្រៀងមួយ ដែលជាឧទាហរណ៍ ឃើញអ៊ីរ៉ង់បង្កកការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ៦០ភាគរយ ជាថ្នូរសម្រាប់ការដកទណ្ឌកម្មខ្លះៗ នោះ នឹងផ្តល់ឲ្យយ៉ាងមានប្រសិទ្ធភាព នូបប្រាក់រាប់ពាន់លានដុល្លារ ដល់អ៊ីរ៉ង់ ដោយគ្មានការបន្ថយកម្មវិធី នុយក្លេអ៊ែរបស់ពួកគេឡើយ ៕ ប្រែសម្រួល៖ប៉ាង កុង