គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ដែលត្រូវបានរចនាឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ដុនបាស ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
លោក Zelensky បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតអ៊ុយក្រែននៅតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសឲ្យដឹងថា “យើងថែមទាំងបានសរសេរ ១០ ជំហានអំពីរបៀបធ្វើវាឱ្យបានលឿន។ វាជាឯកសារស្មុគ្រស្មាញ។ វាជា ១០ ជំហានដែលពាក់ព័ន្ធនឹងទម្រង់ Normandy និងសហរដ្ឋអាមេរិក” ។
លោក Zelensky បានលើកឡើងថា ទីក្រុងគៀវបានបញ្ជូនផែនការ ១០ ជំហានរួចហើយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ទៅសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងពេលជាមួយគ្នានោះ លោក Zelensky បានសម្តែងការត្រៀមខ្លួនក្នុងការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីដោះស្រាយជម្លោះនៅតំបន់ដុនបាស ផងដែរ ។
កិច្ចព្រមព្រៀងទីក្រុងមីនស៍ ដែលបានឈានដល់ក្នុងខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ រៀងគ្នាបានគូសបញ្ជាក់ពីជំហាន ដែលត្រូវការដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធនៅតំបន់ដុនបាស ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១៤០០០នាក់បានស្លាប់ចាប់តាំងពីខែមេសា ឆ្នាំ២០១៤៕ដោយ ឈូក បូរ៉ា