ព័ត៌មានអន្តរជាតិ

ភាពតានតឹងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ

បរទេស៖ លោក Ben Wallace រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស បានជួបជាមួយអគ្គលេខាធិការ អង្គការណាតូ គឺលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីស្ថានភាពនៅជិតព្រំដែនអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា «រដ្ឋមន្ត្រីការពារជាតិ លោក Wallace បាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូលោក jens stoltenberg នៅរសៀលនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតាមព្រំដែនអ៊ុយក្រែន។ ចក្រភពអង់គ្លេស និងអង្គការណាតូ ត្រូវបានរួបរួមក្នុងការគាំទ្រឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនផងដែរ»។ នេះបើតាមក្រសួងការពារជាតិអង់គ្លេស បានលើកឡើងកាលពីថ្ងៃអង្គារ។

លោក Wallace បានកត់សម្គាល់ថា ចក្រភពអង់គ្លេស និងអង្គការណាតូ នឹងបន្តសង្កេតមើលការកើនឡើងនៃស្ថានភាពនៅជិតព្រំដែនអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា ពួកគេ “នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកសាង កងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន”។

ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានសេចក្តីរាយការណ៍ អំពីការកសាង កងទ័ពរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងមូស្គូបានចង្អុល ទៅការពង្រីកសកម្មភាពយោធា របស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលរុស្ស៊ីបានចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top