បរទេស៖ មេទ័ពជើងទឹករបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់ប្រទេសអាល្លឺម៉ង់ទៅក្នុងសមុទ្រចិនខាងត្បូង គឺជា ចេតនាចង់បង្ហាញដល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គ្រោងនឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងដែនទឹកដែលមានជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងពីនាវាចម្បាំង Bayern កាលពីថ្ងៃអង្គារ អនុឧត្តមនាវីឯក Kay-Achim Schonbach បាននិយាយថា ដំណើររបស់កប៉ាល់ចូលទៅក្នុងតំបន់ប្រកួតប្រជែងកាលពីសប្តាហ៍មុន ដែលជាការធ្វើដំណើរលើកដំបូងក្នុងរយៈពេលជិត ២ទសវត្សរ៍ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសអាល្លឺម៉ង់ កំពុង “បន្ត” សកម្មភាពរបស់ខ្លួននៅក្នុងតំបន់នៅក្នុង “ជំហានតូចៗ” ។
លោក Schonbach បាននិយាយថា ទីក្រុងប៊ែកឡាំងសង្ឃឹមថានឹងបញ្ជូននាវា និងយន្តហោះបន្ថែមទៀត ទៅកាន់អាស៊ីចាប់ពីឆ្នាំ 2023 ។ លោកបានបន្ថែមថា ផលប្រយោជន៍ចម្បងរបស់អាល្លឺម៉ង់ គឺការរក្សានូវសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិនៅក្នុងតំបន់។
លោក Schonbach បាននិយាយនៅពេលត្រូវបានសួរថាហេតុអ្វីបានជានាវាមិនបើកឆ្លងកាត់ច្រកសមុទ្រនេះថា “លើកនេះ យើងចាប់ផ្តើមជាមួយនឹងជំហានតូចៗ… ប្រហែលជាយើងនឹងឆ្លងកាត់ [ច្រកសមុទ្រតៃវ៉ាន់] លើកក្រោយ” ។ គាត់បាននិយាយថា កងទ័ពជើងទឹកបានផ្តោតលើ “ដៃគូតម្លៃ” របស់ទីក្រុងប៊ែរឡាំង ហើយវាមិនចាប់ផ្តើមដោយញញួរទេ។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយនៅថ្ងៃតែមួយក្នុងប្រទេសសិង្ហបុរី ដែលជាកន្លែងនាវាចម្បាំងចូលចតនៅមូលដ្ឋានទ័ពជើងទឹក Changi លោក Schonbach បាននិយាយថា ចេតនានៃដំណើររបស់កងទ័ពជើងទឹក គឺមិនមែនដើម្បីបង្ករឿងនោះទេ ប៉ុន្តែជាសញ្ញាថា អ្វីៗបានឈានដល់ចំណុចមួយដែលទីក្រុងប៊ែកឡាំងមានអារម្មណ៍ថា ត្រូវការចាំបាច់ដើម្បីបញ្ជូន “សញ្ញា” ទៅកាន់ទីក្រុងប៉េកាំង៕
ប្រែសម្រួលៈ ណៃ តុលា