បរទេស ៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិក៤រូប ក្នុងដំណើរ សងសឹក ចំពោះការពិន័យ ដែលអាមេរិកដាក់លើទីក្រុងប៉េកាំង ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញដោយទីភ្នាក់ងារសារព័ត៌មាន UPI ។
មន្ត្រីអាមេរិកទាំងនេះ បានបញ្ជាឲ្យដាក់ទណ្ឌកម្មកាលពីដើមខែនេះ ជុំវិញការប្រព្រឹត្តរបស់ចិន ចំពោះជនជាតិភាគតិចមូស្លីម Uyghur នៅក្នុងតំបន់ស៊ីនជាំង ស្ថិតនៅភាគពាយព្យប្រទេសចិន។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រកាសទណ្ឌកម្មសងសឹក កាលពីថ្ងៃអង្គារម្សិលមិញនេះ លើមន្ត្រីសហរដ្ឋអាមេរិក លោក Nadine Maenza លោក Nury Turkel លោក Anurima Bhargava និងលោក James Carr។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកទាំង៤រូបនោះ គឺជាសមាជិករបស់គណៈកម្មការអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលឃ្លាំមើលសេរីភាពសាសនា ហើយជាលទ្ធផលនៃទណ្ឌកម្មនោះ មន្ត្រីទាំងនេះ ត្រូវបានហាមមិនឲ្យធ្វើដំណើរចូលក្នុងប្រទេសចិន ហុងកុង និងម៉ាកាវ៕
ប្រែសម្រួល៖ប៉ាង កុង