ព័ត៌មានអន្តរជាតិ

ចិន ផ្តល់ប្រាក់សង្គ្រោះ ១លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះ ដោយព្យុងទីហ្វុង នៅហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសចិន បានផ្តល់ប្រាក់ចំនួន ១លានដុល្លារអាមេរិក ជាសាច់ប្រាក់ និងអង្ករចំនួន៤.៧២៥តោនទៀតនៅថ្ងៃពុធនេះ ដើម្បីជួយជនរងគ្រោះ ដោយព្យុះទីហ្វុង Rai នៅក្នុងប្រទេសហ្វីលីពីន ។

លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីន បានប្រកាសផ្តល់ជំនួយ នៅក្នុងពិធីប្រគល់អង្ករ ដែលជាកញ្ចប់ចុងក្រោយ នៃអង្ករចំនួន១០.០០០តោន ដែលប្រទេសចិន បានបរិច្ចាគដល់ប្រទេសហ្វីលីពីន ។

លោក Huang បានលើកឡើងថា ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់ គឺដើម្បីជួយដល់ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញរបស់រដ្ឋាភិបាលហ្វីលីពីន និងប្រជាជនទប់ទល់នឹងគ្រោះមហន្តរាយ ដែលនាំមកដោយព្យុះទីហ្វុង ដែលបានបំផ្លិចបំផ្លាញ ដោយសម្តែងក្តីសង្ឃឹមថា អង្ករស្រស់នឹងរួមចំណែក ដល់ប្រតិបត្តិការសង្គ្រោះ មនុស្សធម៌ របស់ប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង នៅតំបន់រងគ្រោះ។

កាលពីថ្ងៃអង្គារ ស្ថានទូតចិន នៅទីក្រុងម៉ានីល បានប្រមូលកញ្ចប់អាហារចំនួន២០.០០០កញ្ចប់ដែលមានអង្ករ អាហារកំប៉ុង និងកញ្ចប់គុយទាវ ។ លោក Huang បានលើកឡើងថា ទំនិញសង្គ្រោះបានទៅដល់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង ដូចជា Cebu, Leyte, Negros Occidental, Negros Oriental, Bohol, Cagayan de Oro City, Surigao City ជាដើម ។

លោក Huang បានថ្លែងថា ប្រទេសចិន នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញរបស់ហ្វីលីពីន “ឱ្យអស់ពីសមត្ថភាព” ។

ឯកអគ្គរដ្ឋទូតបានថ្លែងថា “ប្រទេសចិន និងហ្វីលីពីន គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយ និងគាំទ្រគ្នាទៅវិញទៅមក គ្រាជួបការលំបាក” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top