ព័ត៌មានអន្តរជាតិ

ក្រឡាប់រថភ្លើង នៅក្រោមដីនៅអ៊ីរ៉ង់ បណ្តាលឲ្យអ្នកដំណើរ រាប់សិបនាក់ រងរបួស

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា អង្គការគ្រាអាសន្ន នៃប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សរាប់សិបនាក់ បានរងរបួស ខណៈដែលរថភ្លើងក្រោមដី ដែលដឹកអ្នកដំណើរ ចន្លោះទីក្រុងតេហរ៉ង់ និងទីក្រុងការ៉ាច ភាគខាងជើងប្រទេសអ៊ីរ៉ង់ បានក្រឡាប់កាលពីព្រឹកថ្ងៃពុធនេះ ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ដូច្នេះ ។

អ្នកនាំពាក្យរបស់អង្គការ Mojtaba Khaledi បានលើកឡើងថា អ្នកដំណើរចំនួន២២នាក់ បានរងរបួស ក្នុងនោះមានបុរសម្នាក់ អាយុ៥២ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសាររបួសត្រង់ក្បាល របស់គាត់ ហើយអ្នករបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

លោកបានកត់សម្គាល់ថា រថយន្តសង្គ្រោះចំនួន១៥គ្រឿង ត្រូវបានដាក់នៅកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងស្ថានភាពប្រកាសអាសន្ន ។

អ្នកពន្លត់អគ្គីភ័យ ក៏ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់កន្លែងនៃឧបទ្ទវហេតុនេះ ហើយបានជួយសង្គ្រោះមនុស្ស ប្រហែល១៨នាក់ ដែលជាប់គាំង នៅក្នុងរថយន្ត ដោយសារតែការខូចខាតទ្វារ និងការស្ទះច្រកចេញ នេះបើយោងតាមអ្នកនាំពាក្យ នៃនាយកដ្ឋានពន្លត់អគ្គីភ័យ ក្រុងតេហរ៉ង់ Jalal Maleki បានរាយការណ៍ឲ្យដឹង ។

លោកបានបន្ថែមថា ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យ មានអគ្គិភ័យកើតឡើងនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top