ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ ការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីដាក់យោធារុស្ស៊ី ឱ្យនៅឯកោរ គឺគ្មានប្រយោជន៍ ព្រោះកងទ័ពរុស្ស៊ី សហការជាមួយ កងកម្លាំងប្រដាប់អាវុធ ១០៩ប្រទេស

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយថា កិច្ចខិតខំប្រឹងប្រែង របស់បណ្តាប្រទេសលោកខាងលិច ដើម្បីបិទរុស្ស៊ីពីសង្វៀន ការពារពិភពលោក គឺកំពុងបរាជ័យ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនេះ បានលើកហេតុផល ដោយអំនួតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ មានដៃគូជាច្រើន នៅទូទាំងពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការយោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលើកឡើងជាផ្នែកនៃកិច្ចប្រជុំពង្រីក នៅក្រសួងការពារជាតិ កាលពីថ្ងៃអង្គារ លោក Sergey Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរបស់លោក “សហការជាមួយកងកម្លាំងប្រដាប់អាវុធ នៃប្រទេសចំនួន 109” ។

លោកបានកត់សម្គាល់ថា «នេះបង្ហាញយ៉ាងច្បាស់ ពីភាពឥតប្រយោជន៍ នៃការប៉ុនប៉ងរបស់ប្រទេសលោកខាងលិច ដើម្បីធ្វើឱ្យរុស្ស៊ីឯកោ ក្នុងឆាកអន្តរជាតិ»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់អំពីទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដោយកត់សម្គាល់ថា “ឆ្នាំនេះយើងបានធ្វើការហោះហើររួមគ្នា លើកទីបី និងការល្បាត តាមសមុទ្រលើកដំបូង ជាមួយកងទ័ព រំដោះប្រជាជនចិន”។ លោកបានបន្ថែមថា ប្រជាជាតិទាំងពីរ «នឹងបន្តការងារនេះ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top