បរទេស៖ មន្ត្រីរដ្ឋាភិបាលរបស់ប្រទេស ម៉ាដាហ្គាស្ការ និយាយថា លោកអាចហែលបានរយៈពេល ១២ ម៉ោង ឆ្ពោះទៅដីគោក បន្ទាប់ពីឧទ្ធម្ភាគចក្រដែលលោកជិះ គឺបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា។
យោងតាមសារព័ត៌មាន NEW YORK POST ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Serge Gelle ដែលជារដ្ឋមន្ត្រីប៉ូលីសរបស់ប្រទេស ម៉ាដាហ្គាស្ការ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់នៅលើឧទ្ធម្ភាគចក្រនៅពេលដែលឧទ្ធម្ភាគចក្រនោះបានធ្លាក់កាលពីថ្ងៃចន្ទ ខណៈដែលធ្វើដំណើរទៅកន្លែងកើតហេតុនៃកប៉ាល់ដឹកទំនិញដែលបានលិច។
លោក Gelle ត្រូវបានរកឃើញ ដោយអ្នកនេសាទម្នាក់ នៅក្នុងទូកចែវមួយចម្ងាយ ប្រហែល 500 ហ្វីតពីច្រាំងនៅ Mahambo ភាគឦសាននៃប្រទេសកាលពីព្រឹកថ្ងៃអង្គារ។
លោក Serge Gelle បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុង Twitter ដោយក្រសួងការពារជាតិម៉ាដាហ្គាស្ការភ្លាមៗបន្ទាប់ពីគាត់ត្រូវបានរកឃើញថា «វេនខ្ញុំស្លាប់មិនទាន់មកដល់ទេ អរគុណព្រះជាម្ចាស់។ ខ្ញុំសុខសប្បាយជាទេ។ ខ្ញុំត្រជាក់ណាស់»៕
ប្រែសម្រួលៈ ណៃ តុលា