បរទេស៖ ប្រទេសនីហ្សេរីយ៉ា បានកម្ទេចចោល វ៉ាក់សាំងបង្ការ មេរោគឆ្លងកូវីដ១៩ ដែលផុតកំណត់ ច្រើនជាង១លានដូស បន្ទាប់ពីក្រុមមន្ត្រី បានសម្តែងការត្អូញត្អែរ អំពីអាយុកាលខ្លី របស់វ៉ាក់សាំង ដែលផ្តល់ដោយ ប្រទេសលោកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា បរិមាណដ៏ច្រើននៃវ៉ាក់សាំង AstraZeneca ដែលហួសអាយុកាលត្រូវបានបោះចោលនៅកន្លែងចាក់សំរាមក្នុងទីក្រុង Abuja កាលពីថ្ងៃពុធ ដោយឃើញមានគ្រឿងចក្រកិនកំទេចវ៉ាក់សាំងទាំងនោះ ក្នុងវីដេអូដែលទទួលបានដោយ Reuters ។
លោក Faisal Shuaib នាយកប្រតិបត្តិនៃទីភ្នាក់ងារ អភិវឌ្ឍន៍ការថែទាំសុខភាពបឋមជាតិ របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា «យើងបានដកចេញដោយ ជោគជ័យវ៉ាក់សាំង AstraZeneca ដែលផុតកំណត់ចំនួន ១ ០៦៦ ២១៤ដូស។ យើងបានរក្សាការសន្យា របស់យើងដើម្បីឱ្យមានតម្លាភាព ចំពោះជនជាតិនីហ្សេរីយ៉ា។ ការបំផ្លិចបំផ្លាញថ្ងៃនេះគឺជាឱកាសមួយ សម្រាប់ពលរដ្ឋនីហ្សេរីយ៉ា ក្នុងការមានជំនឿលើកម្មវិធី ចាក់វ៉ាក់សាំងរបស់យើង»។
ប្រែសម្រួលៈ ណៃ តុលា