ព័ត៌មានអន្តរជាតិ

អ្នកទោសនៅប្រទេសថៃ ត្រូវឆ្មាំគុកបង្ខំ ឱ្យធ្វើសំណាញ់បង់ត្រី ឱ្យក្រុមហ៊ុនឯកជន, អ្នកទោសណាល្មើស ត្រូវរងទណ្ឌកម្ម និងមិនឱ្យមុជទឹក

បរទេស៖ ការស៊ើបអង្កេតរបស់មូលនិធិ Thomson Reuters បានរកឃើញថា អ្នកទោសនៅក្នុងប្រទេសថៃកំពុងត្រូវបានបង្ខំឱ្យធ្វើសំណាញ់បង់ត្រី ឱ្យក្រុមហ៊ុនឯកជន ក្រោមការគំរាមកំហែង ការដាក់ទណ្ឌកម្ម រួមទាំងការវាយដំ និងការពន្យារពេលនៃការចេញពីពន្ធនាគារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ពន្ធនាគារនៅជុំវិញប្រទេសថៃ កំពុងប្រើប្រាស់អ្នកទោសដើម្បីបំពេញកិច្ចសន្យាដែលមានតម្លៃខ្ពស់ជាមួយក្រុមហ៊ុនផលិតរបស់ថៃ រួមទាំងសំណាញ់ដែលនាំចេញទៅសហរដ្ឋអាមេរិកផងដែរ, នេះបើយោងតាមឯកសារដែលទទួលបានក្រោមច្បាប់សេរីភាពព័ត៌មាន (FOI)។

អតីតអ្នកទោសដែលត្រូវបានសម្ភាសដោយមូលនិធិ Thomson Reuters បាននិយាយថា មន្ត្រីពន្ធនាគារបានគំរាមវាយពួកគេដោយដំបង មិនឱ្យមុជទឹក ឬ ក៏ពន្យាពេលក្នុងការដោះលែងពួកគេ ថែមទៀត ប្រសិនបើពួកគេមិនបានបំពេញតាមគោលដៅតឹងរ៉ឹង។

អតីតអ្នកទោសម្នាក់នៅពន្ធនាគារ សុរិន្ទ បាននិយាយក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា «(មន្រ្តី) នឹងនិយាយថា ប្រសិនបើយើងមិនធ្វើសំណាញ់ឱ្យបាន ៥ ក្នុងមួយសប្តាហ៍នោះទេ យើងនឹងទទួលទោស”។

សូមជម្រាបថា ប្រទេសថៃមានអ្នកទោសច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកទោសប្រហែល 282,000 នាក់នៅក្នុងពន្ធនាគារចំនួន 143 របស់ប្រទេសនេះ ដែលភាគច្រើនត្រូវបានផ្តន្ទាទោសពីបទគ្រឿងញៀន៕

ប្រែសម្រួលៈ ណៃ តុលា

To Top