ព័ត៌មានអន្តរជាតិ

ជប៉ុននិងអាមេរិក រៀបចំផែនការ សម្រាប់ភាពអាសន្ន តៃវ៉ាន់ ណាមួយ

បរទេស៖ កងកម្លាំងប្រដាប់អាវុធ ជប៉ុននិងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរៀបចំផែនការព្រាងមួយ សម្រាប់ប្រតិបត្តិការរួមគ្នា ចំពោះភាពអាសន្នតៃវ៉ាន់ អាចកើតមានណាមួយ នេះបើយោងតាមការចេញផ្សាយ របស់កាសែតជប៉ុន តូក្យូ នៅថ្ងៃព្រហស្បតិ៍ ដោយលើកឡើង តាមប្រភពរដ្ឋាភិបាលជប៉ុន ស្របពេលមានភាពតានតឹង កើនឡើង រវាងតៃវ៉ាន់និងចិន។

នៅក្រោមផែនការនោះ កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក នឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននានា នៅលើប្រជុំកោះ Nansei ដែលលាតសន្ធឹងពីកោះ Kyushu ជាកោះដ៏ធំមួយក្នុងចំណោមកោះធំៗ ចំនួន៤ របស់ប្រទេសជប៉ុន រហូតដល់តៃវ៉ាន់ នៅដំណាក់កាលដំបូង នៃភាពអាសន្នតៃវ៉ាន់ ហើយនឹងបញ្ជូនកងទ័ពទៅ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតជប៉ុនបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជប៉ុន នឹងផ្តល់ការគាំទ្រ ផ្នែកដឹកជញ្ជូននូវ ឧបករណ៍នានា ដូចជាគ្រាប់កាំភ្លើងនិងគ្រឿងផ្គត់ផ្គង់ឥន្ធនៈ។

គួរបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ បានបង្កើនសម្ពាធយោធានិងការទូត ដើម្បីអះអាងការទាមទារអធិបតេយ្យភាព បង្កឲ្យទីក្រុងតៃប៉ិខឹង និងបណ្ដាលឲ្យមានក្តីព្រួយបារម្ភជាខ្លាំងនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង

To Top