ព័ត៌មានអន្តរជាតិ

ថៃ លុបចោលព្រឹត្ដិការណ៍ រាប់ថយក្រោយឆ្នាំថ្មី ដោយសារភ័យខ្លាច ការរាលដាល មេរោគអូមីក្រុង

បាងកក៖ រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា ខ្លួននឹងលុបចោល រាល់ព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្នាំថ្មីរបស់ខ្លួន ដោយសារតែការរីករាលដាល យ៉ាងឆាប់រហ័ស នៃមេរោគអូមីក្រុង។

យោងតាមអភិបាលរង ក្រុងបាងកក លោក Krianyos Sudlabha បានលើកឡើងថា រាល់សកម្មភាពបុណ្យចូលឆ្នាំថ្មី រួមទាំងពុទ្ធសាសនិក ដែលរៀបចំដោយ BMA នៅទូទាំង ៥០ស្រុក នឹងត្រូវលុបចោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kriangyos បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ឯកជននៅតែត្រូវបានអនុញ្ញាតដូចការគ្រោងទុក ប៉ុន្តែព្រឹត្តិការណ៍នីមួយៗត្រូវតែអនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការត្រួតពិនិត្យ ការសម្អាត និងពិធីការរក្សាគម្លាតសង្គម។

លោកបានបន្ថែមថា អ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវតែបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង ហើយអ្នករៀបចំតម្រូវឱ្យរៀបចំកន្លែងដាក់ឱ្យនៅដាច់ពីគេក្នុងគ្រាអាសន្ន ក្នុងករណី ដែលត្រូវបានរកឃើញថា មានការឆ្លង។

គិតត្រឹមថ្ងៃទី២២ ខែធ្នូ ករណីជាង ១០០ករណី នៃទម្រង់ឆ្លងអូមីក្រុង ត្រូវបានរាយការណ៍នៅក្នុងប្រទេស ដោយមួយចំនួនផ្សេងទៀតកំពុងរង់ចាំលទ្ធផលបញ្ជាក់ ក្រោយពីការធ្វើតេស្ដ។

គួរបញ្ជាក់ថា ប្រទេសថៃ បានផ្អាកជាបណ្ដោះអាសន្នការចុះឈ្មោះ សម្រាប់ការលើកលែងការដាក់ឱ្យនៅដាច់ពីគេសម្រាប់ភ្ញៀវបរទេសចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ដើម្បីទប់ស្កាត់ការចម្លងនៃប្រភេទឆ្លងថ្មីនេះ៕

ដោយ ឈូក បូរ៉ា

To Top