មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការពង្រីកទៅទិសខាងកើត នៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) គឺមិនអាចទទួលយកបាននោះទេ ហើយគួរតែមានការធានា សន្តិសុខនៅក្នុងទ្វីបអឺរ៉ុប។
លោក ពូទីន បានឲ្យដឹងក្នុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា រុស្ស៊ីមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ឡើយ ហើយវាគឺជាការពង្រីក ឥតឈប់ឈររបស់ណាតូ ដែលបានបង្កការគំរាមកំហែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “តើយើងដាក់កាំជ្រួចនៅជិតព្រំដែនរបស់សហរដ្ឋអាមេរិកមែនទេ? វាគឺជាសហរដ្ឋអាមេរិក ដែលកំពុងតែចូលមកជិតមាត់ទ្វាររបស់យើង ជាមួយនឹងកាំជ្រួចរបស់ខ្លួន។
ថ្មីៗនេះ រុស្ស៊ីបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅអង្គការណាតូ និងសេចក្តីព្រាងសន្ធិសញ្ញាមួយទៅកាន់សហរដ្ឋអាមេរិក ទាំងការធានាសន្តិសុខនៅអឺរ៉ុប ដើម្បីឲ្យប្រទេសលោកខាងលិចពិចារណា។
លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាលើសំណើសន្តិសុខទាំងនេះនៅដើមឆ្នាំក្រោយនៅទីក្រុងហ្សឺណែវ ហើយលោកបានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានឹងមានលក្ខណៈស្ថាបនា៕
ដោយ ឈូក បូរ៉ា