បរទេស៖ មុននេះ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយថា គោលនយោបាយដើម្បីទាញអ៊ុយក្រែន ចូលទៅក្នុងអង្គការ ណាតូ និងដាក់ពង្រាយមីស៊ីល នៅជិតព្រំដែនរុស្ស៊ី គឺបានបង្កឲ្យមានហានិភ័យយោធាធ្ងន់ធ្ងរ រហូតដល់ជម្លោះទ្រង់ទ្រាយធំនៅអឺរ៉ុប។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aleksey Polishchuk ប្រធាននាយកដ្ឋាន CIS ទីពីររបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សមយុទ្ធយោធាទាំងអស់ដែលធ្វើឡើងដោយអង្គការណាតូក្នុងប្រទេសអ៊ុយក្រែន គឺប្រឆាំងនឹងរុស្ស៊ី។
អ្នកការទូតនិយាយថា នៅឆ្នាំ 2021 សមយុទ្ធរួមចំនួន 7 របស់ទីក្រុង គៀវ និងប្រទេសសម្ព័ន្ធមិត្ត បានធ្វើឡើងនៅលើទឹកដីនៃអ៊ុយក្រែន ខណៈដែលនៅឆ្នាំ 2022 នឹងមានសមយុទ្ធចំនួន 9 បន្ថែមទៀត។
លោក Polishchuk បាននិយាយថា “ទំហំ ការគ្របដណ្ដប់លើទឹកដី និងរយៈពេលនៃសមយុទ្ធរួមរវាងប្រទេសអ៊ុយក្រែន និងប្រទេសនៃអង្គការណាតូ កំពុងកើនឡើង… សមយុទ្ធទាំងអស់ត្រូវបានភ្ជាប់ដោយគំនិតតែមួយ និងមានទិសដៅប្រឆាំងនឹងរុស្ស៊ី”។
បច្ចុប្បន្ននេះ មានបុគ្គលិកយោធាប្រហែល 10 000 នាក់នៃប្រទេសណាតូ ដែលឈរជើងនៅមូលដ្ឋានយោធា និងមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ 4 000 នាក់មកពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា