ព័ត៌មានអន្តរជាតិ

វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ដ៏ធំបំផុតរបស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា

បរទេស៖ វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ ពីបរទេសដ៏ធំបំផុត របស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងសកម្មចំនួន ១៨៨ និងមានដើមទុន ចុះបញ្ជីសរុបចំនួន ២,៨៥ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ រវាងប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែនថា ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ វៀតណាមបានវិនិយោគលើគម្រោងថ្មីចំនួន ៤ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីជិត ៩០លានដុល្លារអាមេរិក កើនឡើង ៤,៦ ដងធៀបនឹងឆ្នាំមុន។

ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២១នេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៨៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ៨,៦ពាន់លានដុល្លារ។ ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមគឺក្រុមហ៊ុន Metfone ដែលជាម៉ាកទូរគមនាគមន៍ដែលដំណើរការដោយ Viettel Cambodia។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន Viettel Cambodia បាននិយាយថា បន្ទាប់ពីបង្កើតបាន ១៥ ឆ្នាំមក ក្រុមហ៊ុនមាននិយោជិកចំនួន ៣ ០០០ នាក់ នៅពេលបច្ចុប្បន្ននេះ។ លោកបន្តថា Metfone ឥឡូវជាម៉ាកទូរគមនាគមន៍ធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនចំនួន ៩ លាននាក់ ឬស្មើនឹង ៦០ ភាគរយនៃចំនួនប្រជាជនកម្ពុជា៕

ប្រែសម្រួលៈ ណៃ តុលា

To Top