ព័ត៌មានអន្តរជាតិ

លោក ពូទីន ទាមទារឲ្យមានការអះអាង ពីអាមេរិកស្តីពីសន្តិសុខ ស្របពេលដែលរុស្ស៊ី បញ្ចប់ការតេស្តមីស៊ីល លឿនជាងសម្លេង

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការដាស់តឿនក្រើនរំឭក ជុំវិញការអូសទម្លាក់ប្រទេសចូល ទៅក្នុងជម្លោះណាមួយ ទន្ទឹមនឹងលោកធ្វើការបញ្ជាក់ថា យោធារុស្ស៊ី បានធ្វើការបាញ់តេស្ត សាកល្បងមីស៊ីល ហោះលឿនជាងសម្លេង កាលពីយប់ថ្ងៃព្រហស្បតិ៍។

នៅក្នុងអំឡុង សន្និសីទកាសែត រយៈពេល៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទទូចថា ប្រទេសរុស្ស៊ីមានបំណងប្រាថ្នាបញ្ចៀសជម្លោះជុំវិញរឿងអ៊ុយក្រែន ប៉ុន្តែលោកបានស្នើឲ្យ ប្រទេសដទៃផ្តល់ឲ្យ នូវការធានាភ្លាមៗ។

ផ្អែកលើសំណើ ដែលរុស្ស៊ីបានប្រគល់ឲ្យ សហរដ្ឋអាមេរិកនាខែនេះ ក្នុងដំណើររំសាយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែននោះ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ប្រាប់ថា “អ្នកត្រូវតែផ្តល់ឲ្យយើងនូវការធានា និងភ្លាមៗ គឺនៅក្នុងពេលបច្ចុប្បន្ននេះ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ពូទីន បានធ្វើការអះអាងថា សហរដ្ឋអាមេរិកបានឆ្លើយតបដោយវិជ្ជមាន ចំពោះសំណើសន្តិសុខ និងបាននិយាយថា លោកមានសង្ឃឹមស្តីពីកិច្ចចរចាគ្នានៅឆ្នាំក្រោយ ក្នុងទីក្រុងហ្សឺណែវ៕

ប្រែសម្រួល៖ប៉ាង កុង

To Top