បរទេស៖ អាជ្ញាធរថៃបាននិយាយថា ការប៉ះទង្គិចនាពេលថ្មីៗនេះរវាងយោធាមីយ៉ាន់ម៉ា និងចលនាតស៊ូជនជាតិភាគតិច Karen នៅតំបន់ព្រំដែនបានជំរុញឱ្យមនុស្សជាង ៥ ០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា ភៀសខ្លួនចូលទៅក្នុងស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អភិបាលខេត្ត Tak លោក Somchai Kitcharoenrungroj បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ អ្នកភូមិចំនួន ៥ ៣៥៨ នាក់មកពីប្រទេសមីយ៉ាន់ម៉ា បានឆ្លងទន្លេ Moei ដើម្បីស្វែងរកការជ្រកកោននៅលើដីថៃ។ លោកបាននិយាយថា មន្ត្រីសន្តិសុខក៏បានពង្រីកជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនដែលស្នាក់នៅក្នុងស្រុក Mae Sot និង Phop Phra ជាទីកន្លែងដែលអ្នករងរបួសកំពុងត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យ។
នៅពេលដែលការប៉ះទង្គិចគ្នានៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាកាន់តែកើនឡើង របាយការណ៍នៃការផ្ទុះអាវុធ និងគ្រាប់បែកដៃពីឆ្លងព្រំដែនក៏បានកើនឡើងផងដែរនៅក្នុងស្រុក Mae Sot និង Phop Phra ។ ជាការឆ្លើយតប អាជ្ញាធរព្រំដែនកំពុងព្រមានភាគីជម្លោះឲ្យធានាថាការប៉ះទង្គិចគ្នារបស់ខ្លួនកុំហៀរចូលក្នុងទឹកដីថៃ៕ប្រែសម្រួលៈ ណៃ តុលា