បរទេស៖ អាជ្ញាធររបស់ប្រទេសប្រេស៊ីល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុករដ្ឋ Bahia របស់ប្រទេសប្រេស៊ីល ចាប់តាំងពីខែវិច្ឆិកា បានកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមនុស្ស ៣៥ ០០០នាក់ បានផ្លាស់ទីលំនៅ។
យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យ Bahia បានបញ្ជាក់ពីការស្លាប់របស់បុរសអាយុ ៦០ ឆ្នាំម្នាក់ ដែលបានលង់ទឹកនៅក្នុងទន្លេមួយនៅភាគខាងត្បូងនៃរដ្ឋកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារការពារជនស៊ីវិល Sudec បាននិយាយថា មនុស្ស ២នាក់ក៏កំពុងបាត់ខ្លួនផងដែរ ខណៈដែលមនុស្សចំនួន ១៩ ៥៨០នាក់ ត្រូវបានផ្លាស់ទីលំនៅ និង ១៦ ០០១នាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកទីជំរក ដែលនាំឱ្យចំនួនមនុស្សត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេកើនដល់ ៣៥ ០០០ នាក់។
ទីភ្នាក់ងារការពារជនស៊ីវិល Sudec បានបន្ថែមថា មនុស្ស២៨៦នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃភ្លៀងធ្លាក់មក។
យោងតាមការប៉ាន់ប្រមាណមនុស្សជាង ៤៣០ ៨០០ នាក់ត្រូវបានរងផលប៉ះពាល់ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា