បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយថា កិច្ចពិភាក្សាដែលគ្រោងបន្ត ធ្វើឲ្យនៅថ្ងៃចន្ទក្នុងទីក្រុងវីយែន គួរតែផ្តោតលើការ លើកលែងទណ្ឌកម្ម ដែលបានដាក់លើ សាធារណរដ្ឋឥស្លាម និងធានាថា សហរដ្ឋអាមេរិក នឹងវិលត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ វិញ។
កិច្ចចរចាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ អ៊ីរ៉ង់ ឆ្នាំ២០១៥ បានបន្តជាថ្មីនៅក្នុងខែវិច្ឆិកា បន្ទាប់ពីផ្អាកអស់រយៈពេល៥ខែ ក្រោយការបោះឆ្នោតអ៊ីរ៉ង់ ដែលលោក Ebrahim Raisi បានជាប់ជាប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់។
កិច្ចពិភាក្សានោះ ស្វះស្វែងនាំសហរដ្ឋអាមេរិក ឲ្យអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់វិញ ក្រោយបានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ត្រាំ និងបានចាប់ផ្តើមដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់។
នៅមុនការបន្ត ធ្វើកិច្ចពិភាក្សាគ្នាជាថ្មី នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានមានប្រសាសន៍ថា របៀបវារៈនាថ្ងៃចន្ទនេះ គួរតែជារឿងនៃការធានានិងសច្ចាប័ន លើការលើកលែងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រសិនបើវាវិលត្រឡប់ អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែ វិញ៕
ប្រែសម្រួល៖ប៉ាង កុង