ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អនុម័តបង្កើនចំនួន ប្រជាជនទ្វេដង នៅតំបន់ Golan Heights

បរទេស៖ រដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានអនុម័តផែនការ អភិវឌ្ឍលើតំបន់ Golan Heights និងបង្កើនចំនួនប្រជាជនទ្វេដង នៅក្នុងតំបន់នោះ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ផែនការមានទំហំទឹកប្រាក់ ៣១៧លានដុល្លារនេះ ស្វះស្វែងធ្វើការកសាង លំនៅស្ថានថ្មីរាប់ពាន់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធវេជ្ជសាស្ត្រនិងប្រព័ន្ធអប់រំ និងបង្កើនចំនួន ប្រជាជនទ្វេដង នៅក្នុងតំបន់ Golan Heights ដែលប្រទេសអ៊ីស្រាអែល បានយកពីប្រទេសស៊ីរី នៅក្នុងអំឡុងសង្គ្រាម Six-Day War នាឆ្នាំ១៩៦៧នោះ ឲ្យសម្រេចនៅត្រឹមចុងទសវត្សនេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានមានប្រសាសន៍ដូច្នេះថា “គោលដៅរបស់យើង គឺធ្វើការបង្កើនចំនួនលំនៅស្ថានទ្វេដងនៅក្នុងតំបន់ Golan Heights ហើយភាពចាំបាច់ត្រូវពង្រឹង ថែទាំនិងផ្សះផ្សាយទីកន្លែងនោះ គឺជារឿងរួមចំពោះយើងទាំងអស់គ្នា”។

គួរបញ្ជាក់ថា ក្រោមផែនការដែលលោក Bennett បានប្រកាសនៅក្នុងខែតុលា ប្រទេសអ៊ីស្រាអែល មានផែនការបង្កើតសហគមន៍ថ្មីពីរ នៅក្នុងតំបន់ និងកសាងផ្ទះថ្មីជាង១១.០០០ រវាងសហគមន៍ថ្មី និងសហគមន៍ ដែលមានស្រាប់៕

ប្រែសម្រួល៖ប៉ាង កុង

To Top