បរទេស ៖ ប្រធានាធិបតី នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយនៅពេលថ្មីៗនេះថា លោកនឹងធ្វើទស្សនកិច្ច ប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មី ស្តីពីសហប្រតិបត្តិការ ជាមួយប្រទេសអ៊ីរ៉ង់ ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រទេស វេណេស៊ុយអេឡា ក្នុងការជំរុញទិន្នផលប្រេង ស្របពេលមានទណ្ឌកម្មអាមេរិក ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា និងប្រទេសអ៊ីរ៉ង់ បានពង្រឹងចំណងមិត្តភាព របស់ខ្លួន ចាប់តាំងពីឆ្នាំមិញមក ។
រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានទទួលឧបករណ៍សំខាន់ៗសម្រាប់ឧស្សាហកម្មប្រេង ពីប្រទេសអ៊ីរ៉ង់ ដែលជាការតបស្នងវិញ បានទទួលយកប្រេងឆៅ និងធនធានចម្បងៗដទៃទៀត ពីប្រទេស វេណេស៊ុយអេឡា ហើយប្រទេសអ៊ីរ៉ង់ គឺមានសារៈសំខាន់ជាខ្លាំង សម្រាប់ការផលិតប្រេង កើនឡើងរបស់ប្រទេស វេណេស៊ុយអេឡា នៅក្នុងឆ្នាំ២០២១នេះ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Al Mayadeen លោក ម៉ាឌូរ៉ូ បាននិយាយថា “ខ្ញុំនឹងទៅទីក្រុង តេអេរ៉ង់ក្នុងពេលឆាប់ៗនេះ សម្រាប់ដំណើរទស្សនកិច្ចមយ ដែលលោកប្រធានាធិបតី (Ebrahim) Raisi បានផ្តល់ឲ្យខ្ញុំ ដូច្នោះយើងជួបគ្នា ដោយផ្ទាល់ ដើម្បីធ្វើកិច្ចសន្ទនាគ្នា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី និងពន្លឿនដំណើរការ នៃសហប្រតិបត្តិការ” ៕ ប្រែសម្រួល៖ប៉ាង កុង