ម៉ូស្គូ៖ អ្នកជំនាញរុស្ស៊ីបានលើកឡើងថា វាគឺជា “គោលគំនិតនយោបាយបរទេសលែងប្រើ” នៅក្នុងពិភពសម័យទំនើប ដែលសហរដ្ឋអាមេរិកសង្កត់ធ្ងន់លើ “សត្រូវ” រួមទាំងរុស្ស៊ី និងចិន ជំនួសឱ្យការដោះស្រាយបញ្ហា។
លោក Andrey Kortunov អគ្គនាយកនៃក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី បានសរសេរថា “គោលនយោបាយការបរទេសដ៏ឆ្លាតវៃ ត្រូវផ្តោតលើបញ្ហាអន្តរជាតិ ជាជាងលើសត្រូវបរទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “គ្មានស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាននៅក្នុងទ្វីបអឺរ៉ុបអាចសាងសង់ និងទ្រទ្រង់បានដោយគ្មានការចូលរួមពីរុស្ស៊ីឡើយ។ គ្មានប្រព័ន្ធអេកូសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការបានដោយគ្មានការចូលរួមពីប្រទេសចិននោះទេ”។
លោក Kortunov បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមជាមូលដ្ឋានចំពោះសហរដ្ឋអាមេរិក គឺមកពីខាងក្នុងប្រទេសមិនមែនមកពីខាងក្រៅនោះទេ។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងដោះស្រាយបញ្ហាឱនភាពថវិកា និងបញ្ហាបំណុល ការកើនឡើងអតិផរណា ការវាយតម្លៃការអនុម័តទាបនៃរដ្ឋបាលលោក បៃដិន និងការបែងចែកជាតិដ៏ស៊ីជម្រៅ៕ដោយ ឈូក បូរ៉ា