ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ រុស្ស៊ី ព្រមានពីការមានហានិភ័យខ្ពស់ ចំពោះជម្លោះប្រដាប់អាវុធ ជុំវិញរឿង អ៊ុយក្រែន

បរទេស៖អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី បានធ្វើការព្រមានដល់ឯកអគ្គរដ្ឋទូតបរទេសនានា អំពីភាពមានហានិភ័យខ្ពស់នៃជម្លោះរវាងរុស្ស៊ីនិងប្រទេសជិតខាង គឺប្រទេសអ៊ុយក្រែន ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានគម្រាមធ្វើការឆ្លើយតបដោយយោធានិងបច្ចេកទេសផ្សេងៗ ប្រសិនបើលោកខាងលិចមិនដោះស្រាយក្តីព្រួយបារម្ភដែលលោកលើកឡើងទេ។

សារដ៏ថ្មីបំផុតពីទីក្រុងមូស្គូនេះ គឺជាប្រភេទសារដែលធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីលោកខាងលិចផ្សេងទៀតគិតថា លោក ពូទីន នឹងចាប់ផ្តើមធ្វើការវាយប្រហារមួយទៅលើប្រទេសអ៊ុយក្រែន បើទោះជាក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការព្រមានលោក ពូទីន ថាការធ្វើដូច្នោះនឹងនាំមកនូវការពិន័យយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានស្នើឲ្យមានកិច្ចពិភាក្សាគ្នាជាមួយប្រទេសរុស្ស៊ី តាមបែបការទូតម្តងហើយម្តងទៀត ដើម្បីបំបាត់ភាពតានតឹង និងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ដែលបានឆាបឆេះអស់រយៈពេលជិត៨ឆ្នាំ ក្រោយកងទ័ពរុស្សីផ្តល់អាវុធឲ្យកម្លាំងបះបោរ នៅក្នុងជម្លោះដែលបន្តកាន់តែក្តីគគក់និងឆក់យកជីវិតមនុស្ស។

ប៉ុន្តែការទាមទាររបស់រុស្ស៊ី ឲ្យមានការធានាសន្តិសុខ ដោយរួមបញ្ចូលទាំងការហាមមិនឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូនោះ ត្រូវបានមន្ត្រីអាមេរិកហៅថា ជាសំណើមិនអាចទទួលយកបាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top