វ៉ាស៊ីនតោន ៖ ការរីករាលដាលលឿន ដូចផ្លេកបន្ទោរ នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងសហរដ្ឋអាមេរិក បានជំរុញករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃដល់កម្រិតខ្ពស់បំផុត លើសពី ៥១ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
វាគឺជាការកើនឡើង ខ្ពស់បំផុត នៃករណីក្នុងមួយថ្ងៃចាប់ តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតនៅក្នុងប្រទេសនេះ បើយោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins ។
ករណីថ្មីសរុបចំនួន ៥១២,៥៥៣ករណី និងការស្លាប់ថ្មីចំនួន ១,៧៦២នាក់ ត្រូវបានរាយការណ៍នៅទូទាំង ប្រទេសនេះកាលពីថ្ងៃចន្ទ ។ ក្នុងរយៈពេលមួយ សប្តាហ៍កន្លងមកនេះ ករណីថ្មីជិត ១,៦៦០,០០០ករណី និងការស្លាប់ថ្មីជាង ១០០០០នាក់ ត្រូវបានបន្ថែមទៅក្នុង ចំនួនសរុប នេះបើយោង តាមប្រភពខាងលើ។
ការកើនឡើងប្រចាំថ្ងៃជាមធ្យមរយៈពេល ៧ថ្ងៃនៃករណីបានកើនឡើងដល់ជាង ២០៦,០០០ករណី កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទិន្នន័យចុង ក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ហើយនេះ ក៏ ជា តួលេខ ខ្ពស់ បំផុត ចាប់ តាំង ពី ថ្ងៃ ទី ១៨ ខែ មករា មកផងដែរ។
ទម្រង់ឆ្លងអូមីក្រុង ដែលត្រូវបានកំណត់ អត្តសញ្ញាណដំបូង កាលពីចុងខែមុន នៅអាហ្វ្រិកខាងត្បូង បានបញ្ជូនការឆ្លងកើនឡើង ដល់កម្រិត ដែលមិនធ្លាប់មាន ចាប់តាំងពីរដូវរងាឆ្នាំមុន ដែលនាំឱ្យចំនួនករណីឆ្លងវីរុសអាមេរិកសរុបដល់ទៅជាង ៥២,៩លាននាក់ ជាមួយនឹងអ្នកស្លាប់ ជាង ជិត ៨២ម៉ឺននាក់។
ករណីដែលគេស្គាល់ ជាលើកដំបូងនៃទម្រង់អូមីក្រុង នៅសហរដ្ឋអាមេរិក ត្រូវបានកំណត់នៅថ្ងៃទី០១ ខែធ្នូ ។ ចាប់តាំងពីពេលនោះមក ទម្រង់នេះត្រូវបានរកឃើញ នៅក្នុងរដ្ឋ និងដែនដីភាគច្រើនរបស់សហរដ្ឋអាមេរិក ហើយកំពុងបង្កើនសមាមាត្រ នៃករណីជំងឺកូវីដ-១៩ ដែលកំពុងបង្កឡើងយ៉ាងឆាប់រហ័ស ។
ទម្រង់អូមីក្រុង ត្រូវបានគេប៉ាន់ ប្រមាណថា មានចំនួន ៥៨,៦ភាគរយនៃមេរោគឆ្លង ដែលចរាចរនៅក្នុង សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូ នេះបើយោងតាមទិន្នន័យថ្មី ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយ CDC ៕
ដោយ ឈូក បូរ៉ា