ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អនុម័តវិធានការ សម្រាប់ពួកប៉ាឡេស្ទីន ក្រោយមេដឹកនាំជួបគ្នា

" "

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានអនុម័តក្បួនវិធានការមួយ ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយពួកប៉ាឡេស្ទីន ក្រោយការជួបគ្នាដ៏កម្រមានមួយ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងប្រទេសអ៊ីស្រាអែល។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានជួបគ្នាជាមួយលោក Abbas នៅទីស្នាក់នៅឯកជនរបស់លោក ក្នុងទីក្រុងតេលអាវីវ កាលពីយប់ថ្ងៃអង្គារ ហើយនេះគឺជាលើកទីមួយដេលលោក Abbas បានជួបជាមួយមន្ត្រីអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីស្រាអែល គិតចាប់តាំងពីឆ្នាំ២០១០មក។

" "

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ABC News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកទាំងពីរបានពិភាក្សាគ្នា អំពីការសម្របសម្រួល សន្តិសុខរវាងប្រទេសអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនរបស់លោក Abbas។

" "

ការិយាល័យរបស់ លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា លោកបានអនុម័តវិធានការ កសាងទំនុកចិត្តនានា ដោយរួមមានទាំងការផ្ទេរ ការបង់ពន្ធឲ្យទៅអាជ្ញាធរប៉ាឡេស្ទីន ការផ្តល់សិទ្ធិអនុញ្ញាតរាប់រយ សម្រាប់ពាណិជ្ជករប៉ាឡេស្ទីន ព្រមទាំងអនុម័តសិទ្ធិស្នាក់នៅ សម្រាប់ប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់ នៅក្នុតំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top