ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលថា មិនចាំបាច់ត្រូវមានការអនុញ្ញាត ពីអាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកអាចប្រើប្រាស់កម្លាំង ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់បាន ដោយមិនចាំបាច់ ជូនដំណឹងដល់ប្រធានាធិបតី អាមេរិក លោក Joe Biden ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lapid បានប្រាប់សារព័ត៌មាន ប៉ុស្តិ៍លេខ ១២របស់អ៊ីស្រាអែលនៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២១ថា «អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវធ្វើដើម្បីការពារសន្តិសុខរបស់ខ្លួន ហើយយើងមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់សម្រាប់រឿងនោះទេ។ នោះហើយជាករណីចាប់តាំងពីថ្ងៃដំបូងដែលយើងបង្កើតរដ្ឋនេះ»។

នៅពេលត្រូវបានសួរថាតើប្រទេសអ៊ីស្រាអែលមានមធ្យោបាយដើម្បីអនុវត្តការវាយប្រហារប្រភេទនេះដោយជោគជ័យឬយ៉ាងណានោះ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា «អ៊ីស្រាអែលមានសមត្ថភាព ដែលពិភពលោកខ្លះ និងសូម្បីតែអ្នកជំនាញខ្លះក្នុងវិស័យនេះ មិនអាចនឹកស្មានដល់ ហើយអ៊ីស្រាអែលនឹងការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់»។

សូមជម្រាបថា មន្ត្រីអ៊ីស្រាអែល និងឥស្សរជនយោធាបាននឹងកំពុងគិតគូរអំពីការវាយប្រហារលើអ៊ីរ៉ង់ ចាប់តាំងពីកិច្ចពិភាក្សាស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (ផែនការសកម្មភាពទូលំទូលាយរួម ឬ JCPOA) រវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចពិភពលោកបានចាប់ផ្តើមនៅក្រោមរដ្ឋបាលលោក Biden ។ ទីក្រុងតេអេរ៉ង់បានសម្តែងការសង្ស័យលើការព្រមានដែលចេញមកពីអ៊ីស្រាអែល ដោយហៅពួកគេថា “ការគំរាមកំហែងទទេ ឬគំរាមតែមាត់” ទោះបីជាបានសន្យាថា នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានណាមួយក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top