ព័ត៌មានអន្តរជាតិ

សិង្ហបុរី រក្សាបានកំណើន GDP ៧,២ភាគរយ បើទោះមានជំងឺរាតត្បាត

សិង្ហបុរី ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសសិង្ហបុរី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ដោយផ្អែកលើការប៉ាន់ ប្រមាណជាមុន ផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេស បានកើនឡើង ៧,២ភាគរយនៅឆ្នាំ២០២១ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៥,៤ភាគរយ ក្នុងឆ្នាំ២០២០។

នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ GDP របស់ប្រទេសសិង្ហបុរី បានកើនឡើងចំនួន ៥,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺមានកម្រិតមធ្យមពីកំណើន ៧,១ ភាគរយនៅក្នុងត្រីមាសមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្អែកលើមូលដ្ឋាន ដែលបានកែតម្រូវតាមរដូវ កាលពីមួយត្រីមាសទៅមួយត្រីមាស សេដ្ឋកិច្ចសិង្ហបុរី បានកើនឡើង ២,៦ភាគរយនៅក្នុងត្រីមាសទី៤ ដែលលឿនជាងកំណើន ១,២ ភាគរយនៅក្នុងត្រីមាសមុន។

នៅក្នុងការវិភាគមួយ វិស័យផលិតកម្ម របស់ប្រទេសសិង្ហបុរី បានពង្រីក ១៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងត្រីមាសទី៤ និង ១២,៨ភាគរយ ពេញមួយឆ្នាំ នៃឆ្នាំ២០២១។ វិស័យសំណង់ បានកើនឡើង ២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងត្រីមាស និង ១៨,៧ភាគរយក្នុងឆ្នាំនេះ។ ឧស្សាហកម្មផលិត សេវាកម្ម បានកើនឡើង ៤,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងត្រីមាស និង ៥,២ ភាគរយក្នុងឆ្នាំ២០២១។

យោងតាមក្រសួងបានឱ្យដឹងថា ការប៉ាន់ប្រមាណផលិតផល ក្នុងស្រុកសរុបកម្រិតខ្ពស់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ ត្រូវបានគណនាភាគច្រើន ពីទិន្នន័យក្នុងរយៈពេលពីរ ខែដំបូងនៃត្រីមាស។ តួលេខទាំងនេះ ត្រូវបានបម្រុងទុក ជាការបង្ហាញដំបូង នៃកំណើនផលិតផល ក្នុងស្រុកសរុបនៅក្នុងត្រីមាស ហើយជាកម្មវត្ថុ នៃការពិនិត្យឡើងវិញនៅពេល ដែលមានទិន្នន័យកាន់តែទូលំទូលាយ៕

ដោយ ឈូក បូរ៉ា

To Top