ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសទី១ ប្រកាសទទួលស្គាល់ឯករាជ្យភាព នៃសាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ ប្រចាំកម្ពុជា បានថ្លែងអំណរគុណកម្ពុជា ដែលតែងតែទទួលរាក់ទាក់ចំពោះគណៈប្រតិភូសិង្ហបុរី ដោយលោកបញ្ជាក់ថា កម្ពុជាគឺជាប្រទេសទី១ ដែលបានប្រកាស ទទួលស្គាល់ឯករាជ្យភាព នៃសាធារណរដ្ឋសិង្ហបុរី បន្ទាប់ពីប្រកាសឯករាជ្យបានត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះធ្វើឡើង នាថ្ងៃទី៨ សីហា ក្នុងឱកាសលោកវរសេនីយ៍ឯក Bernard Ng Yu និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សុខសន្តិភាពពេញលេញដែលកម្ពុជាមានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃប្រតិការណ៍ធំៗដែលសម្រេចបាន រួមមាន៖ ការគ្រប់គ្រងបជំងឺកូវីដ-១៩ ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំ រាជរដ្ឋាភិបាលអាណត្តិថ្មី។

លោកនាយឧត្ដមសេនីយ៍ បានគូសរំលេចអំពី ទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា និងបានចូលរួមអបអរសាទរ ខួបលើកទី៥៦ ថ្ងៃបុណ្យឯករាជ្យរបស់សិង្ហបុរី និងអបអរសាទរខួបលើកទី៥៦ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

លោកអគ្គមេបញ្ជាការបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ហើយថ្មីៗនេះតាមរយៈ នៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសិង្ហបុរី បានពង្រឹងលើច្រើនវិស័យដូចជា សន្តិសុខ នយោបាយ វប្បធម៌សង្គម និងទេសចរណ៍ជាដើម ។ ដោយឡែក លើវិស័យយោធា កម្ពុជានិងសិង្ហបុរី ក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អផងដែរ តាមរយៈការជួយបណ្ដុះបណ្ដាល ធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ទាំងផ្នែកជំនាញកងទ័ពជើងទឹក ភាសាអង់គ្លេស និងវគ្គបញ្ជាការសេនាធិការ។

លោកអគ្គមេបញ្ជាការ ជឿជាក់ថា ទៅថ្ងៃខាងមុខកងទ័ព ប្រទេសទាំង២ នឹងបន្តពង្រឹងកិច្ច សហប្រតិបត្តិការឲ្យល្អថែមទៀត សំខាន់ការផ្លាស់ប្ដូរគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន និងការធ្វើលំហាត់សង្គ្រោះ គ្រោះអន្តរាយនិងមនុស្សធម៌។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុណ និង គាំទ្រចំពោះការលើកឡើង របស់នាយឧត្ដម សេនីយ៍ អគ្គមេបញ្ជាការ អំពីការបន្តទំនាក់ទំនង រវាងកងទ័ព ប្រទេសទាំង២នាថ្ងៃអនាគត ហើយលោកសន្យាថា នឹងខិតកសាងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង២ ឲ្យកាន់តែល្អថែមទៀត៕

To Top